មិនដឹងថាមានការពិតកម្រិតណានៅឡើយទេ ប៉ុន្តែអ្វីដែលបានលេចឮកាន់តែច្រើនក្នុងក្រុម«គ្រួសារតារាកម្ពុជា»គឺតារាកំប្លែងក្រម៉ិចក្រម៉ើមនាងស្រីពៅមុខឈើ ត្រូវគេអះអាងថាបានទាក់ទងស្នេហាក្រៅឆាកជាមួយពិធីករហង្សមាសលោកនាង វ៉ាងសាន់។ ប្រភពខ្លះបានទាំងអះអាងថាអ្នកទាំងពីររួមរស់នៅក្នុងផ្ទះជាមួយគ្នាដូចប្ដីប្រពន្ធនាពេលចុងក្រោយ ដោយឧស្សាហ៍ឃើញភាគីខាងប្រុសចេញចូលផ្ទះរបស់នាងសូម្បីទាំងយប់នៅម្ដុំក្រោយវត្តសន្សំកុសល។
ដំណឹងជុំវិញរឿងស្នេហានេះ ទើបតែបានកើតឡើងក្រោយពេលអ្នកទាំងពីរមានឱកាសធ្វើការសង្គមរួមគ្នាដែលបានបង្កើតឡើងដោយ«គ្រួសារតារាកម្ពុជា» ទន្ទឹមនឹងមានដំណឹងថាស្រីពៅមុខឈើ មានវីឡាតម្លៃស្កឹមស្កៃជារបស់ផ្ទាល់ខ្លួនតម្លៃជាង២០ម៉ឺនដុល្លារ ដែលកាលីបដាច់ឆ្ងាយជាងតារាភេទទី៣ផ្សេងទៀត។ ក្រុមអ្នកទម្លាយព័ត៌មានបានទាំងអះអាងថាអ្នកទាំងពីរស្រឡាញ់គ្នាដូចប្ដីប្រពន្ធ និងមានសកម្មភាពយកចិត្តទុកដាក់ចំពោះគ្នាមិនថាតាមឆាត និងពេលចេញធ្វើការងារមិនខុសពីស្នេហាស្រីពិតប្រុសសង្ហារនោះផង។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះភាគីអ្នកទាំងពីរបានច្រានចោល បើទោះជាអំណះអំណាងរបស់ពួកគេស្ថិតក្នុងការតាមដាននៅឡើយ។
ស្រីពៅ មុខឈើ បានទទួលស្គាល់ទំនាក់ទំនងរវាងនាង និងពិធីករហង្សមាសលោកនាង វ៉ាងសាន់ មានភាពល្អប្រសើរបើធៀបនឹងជាមួយតារាប្រុសផ្សេងទៀត បន្ទាប់ពីនាង និងលោកបានខ្លួនសកម្មជាមួយនឹងគ្រួសារតារាកម្ពុជា។ ប៉ុន្តែនាងថាបើដល់ថ្នាក់ដេកនៅរួមគ្រែ ហើយក្លាយជាប្ដីប្រពន្ធនឹងគ្នា គឺមិនមាន១០០ភាគរយ។ នាងថាខ្លួនជាភេទទី៣ ដែលគ្មានប្រវត្តិពាក់ព័ន្ធនឹងអ្នកសិល្បៈនោះទេ ដោយសារតែនាងប្រកាន់ដាច់ខាតថាមនុស្សដែលនាងពាក់ព័ន្ធ ត្រូវតែជាមនុស្សដែលមិនអាចសម្អុយនាងបាននៅក្នុងរង្វង់សិល្បៈ។ នាងគ្រាន់តែចាត់ទុកថាលោកនាង វ៉ាងសាន់ ជាដៃគូការងារ និងមានចរឹកលេងសើចជាមួយគ្នាយ៉ាងស៊ីសង្វាក់ប៉ុណ្ណោះ ខណៈដែលលោកចេញចូលផ្ទះរបស់នាងនៅម្ដុំក្រោយវត្តសន្សំកុសលក៏ទៅលេងធម្មតា មិនមានអ្វីលើសពីការរាប់អាន។ ជាមួយគ្នានោះនាងក៏បានចេញមុខបដិសេធជុំវិញដំណឹងដែលថានាងមានវីឡាស្កឹមស្កៃជារបស់ផ្ទាល់ខ្លួននោះដែរ ដោយនាងបញ្ជាក់ថាខ្លួនមានផ្ទះល្វែងយ៉ាងសាមញ្ញរស់នៅ ដែលបានមួយផ្នែកពីការប្រឹងប្រែងក្នុងសិល្បៈ និងមួយផ្នែកត្រូវបង់រំលោះបន្តប៉ុណ្ណោះ។ នាងថាខ្លួនជាភេទទី៣ ដែលគ្មានប្រុសចិញ្ចឹម និងមិនមែនជាតារាចម្រៀងល្បីឈ្មោះដែលចេញច្រៀងមួយលើកបានច្រើនពាន់ដុល្លារ ដូច្នេះមិនមានហេតុផលណាមួយដែលនាងអាចមានវីឡាតម្លៃសែនដុល្លារគឺជារបស់ផ្ទាល់ខ្លួនោះឡើយ។ បើនាងមានវីឡារស់នៅពិតមែន នាងប្រហែលទុកជួលយកលុយ ដោយមិននៅទទួលច្រៀងតាមកម្មវិធីតូចធំមិនស្គាល់យប់ថ្ងៃ ជាថ្នូរនឹងប្រាក់កម្រៃមិនច្រើនសម្រាប់មួយយប់ៗនោះដែរ។ នាងទទូចសុំអោយបញ្ចប់ការយល់ច្រលំ ដោយសារតែនាងមិនចង់អោយអ្នកនាងពេបជ្រាយ ព្រោះតែគ្មានវីឡា ហើយសម្ងំទទួលថាមាននោះទេ។
មិនខុសគ្នាដែរលោកនាង វ៉ាងសាន់ ដែលត្រូវគេស្គាល់ថាជាពិធីកររបស់ទូរទស្សន៍ហង្សមាសបានអះអាងថា លោក និងស្រីពៅ មុខឈើ បើនិយាយពីរឿងស្នេហាគឺអត់តែម្ដង។ ប៉ុន្តែ លោកបានទទួលស្គាល់ចូលចិត្តហៅគ្នាដើរលេង ដោយជួនកាលទៅសម្រាកលេងនៅផ្ទះរបស់នាង និងចូលចិត្តលេងសើចជាមួយគ្នាក្នុងក្រុម។ លោកថាខ្លួនមិនមែនរើសអើសចំពោះភេទទី៣នោះទេ ប៉ុន្តែមកពីលោក និងស្រីពៅមុខឈើ គ្រាន់តែជិតស្និទ្ធគ្នាអត់បានពាក់ព័ន្ធក្នុងន័យស្នេហាពិតមែនទើបប្រកាសថាអត់។ យ៉ាងណាមិញ ការបកស្រាយរបស់អ្នកទាំងពីរនៅតែមានតារាសិល្បៈមួយចំនួនព្រលយថា គឺជាការបង្វែងដាននៅឡើយ៕
មតិយោបល់