ព័ត៌មានជាតិ

ឆេះម៉ូតូប្រើអាគុយ៣គ្រឿង ផ្អើលសន្តិសុខវាយបំបែកកញ្ចក់បាញ់ពន្លត់ទាន់ពេល!

ភ្នំពេញ: ម៉ូតូប្រើថាមពលអាគុយ១គ្រឿងបានឆេះខ្ទេចគ្មានសល់និង២គ្រឿងទៀងឆេះអស់ពាក់កណ្ដាលដោយសារឆ្លងចរន្តអាគុយឆេះនៅក្នុងហាងលក់រថយន្តប្រើប្រាស់ថាមពលព្រះអាទិត្យ ស្តា៨ ភ្ញាក់ផ្អើលដល់សន្តិសុខដែលយាមកាម២នាក់រត់យកដែកមកវាយទម្លុះដើម្បីពន្លត់ភ្លើងដែលបានឆេះម៉ូតូនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងហាងលក់រថយន្តប្រើប្រាស់ថាមពលព្រះអាទិត្យ ម៉ាក ស្តា៨ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីក្រុមសន្តិសុខរបស់ក្រុមហ៊ុន ហ្គារូដា ដែលយាមកាមនៅមុខហាងខាងលើជារៀងរាល់យប់បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញពន្លឺភ្លើងចាំង មកខាងក្រៅហើយពេលគាត់បានដើរទៅមើល ស្រាប់តែឃើញម៉ូតូដែលប្រើថាមពលអាគុយដែលដាក់តាំងនៅក្នុងហាងនោះ បានឆេះត្រង់ផ្នែកអាគុយយ៉ាងសន្ធោសន្ធៅ ពេលនោះពួកគាត់បាននាំគ្នារត់ទៅយកដំបងដែកមកព្យាយាមវាយកម្ទេចកញ្ចក់ ព្រោះពួកគាត់គ្មានសោចាក់ទ្វារនោះទេ ទាល់តែម៉ោង៨ព្រឹកទើបមានបុគ្គលិកមកចាក់សោបើកហាង ។ បន្ទាប់មកពួកគាត់បានយកបំពង់ពន្លត់អគ្គិភ័យចំនួន៣បំពង់មកបាញ់ពន្លត់ម៉ូតូដែលឆេះទាំងនោះ និងបានទាញម៉ូតូទាំងអស់នោះចេញមកក្រៅដើម្បីបាញ់ទឹកបន្ថែម។

គួរបញ្ជាក់ថា ម៉ូតូដែលបានឆេះខ្ទេចចំនួន១គ្រឿងនិង២គ្រឿងទៀតឆេះតែពាក់កណ្ដាលនោះ សុទ្ធសឹងតែជាម៉ូតូប្រើប្រាស់ថាមពលអាគុយ ហើយមានម៉ាក ស្តា៨ ហើយក្នុងមួយគ្រឿងមានតម្លៃ ១៤៥០ដុល្លារ ចំពោះក្នុងហាងខាងលើនោះគេឃើញមានទោចក្រយានយន្ត ក៏ដូចជាត្រីចក្រយាន្ត ផ្សេងទៀតដែលប្រើថាមពលអាគុយខ្លះ និងខ្លះទៀតប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុខាងលើតែមិនបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យនោះទេដោយសារតែភ្លើងបានរលត់បាត់ទៅហើយ ៕

មតិយោបល់