(ហ្សេរុយសាឡឹម)៖ ប្រទេសអ៉ីស្រាអែល អាចនឹងមើលឃើញ ៤០% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ឬ ២ ទៅ ៤លាននាក់ឆ្លងជំងឺ COVID-19 នៅក្នុងរលកឆ្លង បច្ចុប្បន្ននេះ ដែលបង្កឡើងដោយមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett។
លោក Naftali Bennett ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសារមួយបង្ហោះលើគណនី Twitter របស់លោក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះកន្លងទៅ។ លោក បានបញ្ជាក់ថា «ទិន្នន័យដែលត្រូវបានធ្វើបទបង្ហាញ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានឱ្យដឹងថានៅក្នុងប្រទេសអ៉ីស្រាអែល ប្រជាជនចន្លោះពី២ ដល់៤លាននាក់ នៃប្រជាជនសរុបអាចនឹងឆ្លង COVID-19 អំឡុងរលកឆ្លងបច្ចុប្បន្ននេះ»។
អ៉ីស្រាអែលដែលមានប្រជាជនសរុបជាង ៩.៤លាននាក់ បាន និងកំពុងប្រយុទ្ធតស៊ូនឹងការឆ្លងរាលដាលជាថ្មីនៃ COVID-19 បង្កឡើងដោយមេរោគបំប្លែងថ្មីអូមីក្រុង ដោយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងសុខាភិបាលនៃប្រទេសមួយនេះបានរាយការណ៍ពី COVID-19 ប្រចាំថ្ងៃ ១៧,៥១៨ករណី៕
ប្រភព៖ AFP
មតិយោបល់