ភ្នំពេញៈ មន្ត្រីសាលារាជធានីភ្នំពេញ និងមន្រ្តីជំនាញមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្ម នៅថ្ងៃទី១៧ឧសភានេះ បានរៀបចំសិក្ខាសាលារួមគ្នាស្តីពីដំណើរការ និងសារៈសំខាន់នៃការដោះស្រាយវិវាទពាណិជ្ជកម្ម តាមយន្តការមជ្ឈត្តការ ក្នុងគោលបំណងបញ្រ្ជៀបការយល់ដឹងពីការដោះស្រាយ វិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញថា ទំនាស់ពាណិជ្ជកម្ម នឹងត្រូវបានដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ បើសិនជាគូវិវាទព្រមព្រៀងដាក់វិវាទរបស់ខ្លួនទៅភាគីទី៣ ឬហៅថា មជ្ឈត្តករ ដើម្បីឲ្យដោះស្រាយ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញដែលបានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលានេះបានជំរុញឲ្យមន្ត្រីជំនាញផ្នែកនេះឈរលើយន្តការ ដោះស្រាយវិវាទដោយយុត្តិធម៌ ឥតលំអៀង។
លោកថ្លែងថា «មជ្ឈត្តករ គឺជាអ្នកផ្តល់សេវាកម្មដោះស្រាយវិវាទពាណិជ្ជកម្ម តាមយន្តការមជ្ឈត្តការនាំមុខគេនៅកម្ពុជា ប្រកបដោយកេរិ៍ឈ្មោះ ឯករាជ្យ មិនលម្អៀង ឆាប់រហ័ស និងប្រកបដោយតម្លៃសមរម្យ»។
លោកអភិបាលរងបញ្ជាក់ថា ការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយនៃការពង្រឹងបរិកាសពាណិជ្ជកម្ម ដែលរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងសង្គមមានភាពរុងរឿង។
លោកស្រីមជ្ឈត្តករ សេង វួចហ៊ុន សមាជិកក្រុមបឹក្សាប្រតិបត្តិនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្ម បានថ្លែងថា ទំនាស់ពាណិជ្ជកម្ម នឹងត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ បើសិនជាគូវិវាទព្រមព្រៀងដាក់ជម្លោះរបស់ខ្លួនទៅភាគីទី៣ ឬហៅថា មជ្ឈត្តករ ដើម្បីឲ្យដោះស្រាយ។ មជ្ឈត្តករ អាចធ្វើការពិចារណាអំពីភស្តុតាង ដែលភាគីវិវាទដាក់ជូន និងចេញសេចក្តីសម្រួលណាមួយ ឬហៅថា មជ្ឈត្តវិនិច្ឆ័យ។
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម គឺជាផ្នែកមួយដែលមិនឆ្លងកាត់ប្រព័ន្ធតុលាការ បាននឹងកំពុងទាក់ទាញអារម្មណ៍វិនិយោគគិនជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក្រុមអ្នកវិនិយោគទាំងនោះនៅមានកង្វល់ចំពោះគុណភាពនៃមជ្ឈមណ្ឌលជាតិនេះ៕
មតិយោបល់