ព័ត៌មានអន្តរជាតិ

កម្មករប្រេងប្រមាណ ១២,០០០នាក់ ត្រូវបង្ខំឲ្យចាកចេញពីក្រុង Fort McMurray

កាណាដា: កម្មករប្រេងប្រមាណជា ១២.០០០នាក់ ត្រូវបង្ខំឲ្យចាកចេញពីក្រុង Fort McMurray ដែលជាទីកន្លែងជំរំខ្សាច់ប្រេងដ៏ធំ របស់ប្រទេសកាណាដា ដែលបានរងភ្លើងឆេះព្រៃ កើនឡើងខ្ពស់កាលពីពេលកន្លងទៅថ្មីៗនេះ។

គេហទំព័រសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ឧសភានេះ ដោយស្រង់សម្តីមន្ត្រីអាជ្ញាធរប្រចាំតំបន់បានឲ្យដឹងថា មានកម្មករ ៨,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នោះ ក្នុងគោលបំណងដើម្បីបង្ការទុកជាមុន កុំឲ្យមានហានិភ័យកើតឡើងជាយថាហេតុ។ លើសពីនោះ មានកម្មករ ៤.០០០នាក់ ដែលត្រូវបានណែនាំរួចហើយដើម្បីធ្វើការចាកចេញ ពីទីនោះជាបន្ទាន់ផងដែរ កាលពីថ្ងៃចន្ទកន្លងទៅនេះ។

មានមនុស្សជាង ៨០,០០០នាក់ បានភៀសខ្លួនចេញពីទីក្រុង Fort McMurray កាលពីរសប្តាហ៍មុន នៅពេលដែលភ្លើងឆេះព្រៃមួយ បានវាយប្រហារទីក្រុងនេះយ៉ាងធ្ងន់ធ្ងរ ដោយវាបានបំផ្លាញអគារប្រមាណជា ២,៤០០ខ្នង។

សូមបញ្ជាក់ថា ភ្លើងដែលឆេះយ៉ាងខ្លាំងនោះ បានឆេះរាលដាលចេញឆ្ងាយពីក្រុងនេះហើយ ប៉ុន្តែនៅក្នុងថ្ងៃចុងក្រោយនេះ វាបានចាប់ផ្តើមបង្កការគំរាមកំហែង ដល់តំបន់នោះជាថ្មីម្តងទៀត៕

Aust

មតិយោបល់