ភ្នំពេញៈ ប្រធានការិយាល័យប្រតិបត្តិការ សាលា ស្តេម ហ្វត ម្នាក់ ត្រូវបានជនរងគ្រោះចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរ ដោយចោទពីបទរំលោភលើទំនុកចិត្ត យកលុយនិងខ្ចីម៉ូតូរបស់មិត្តភក្តីយកទៅបញ្ចាំសរុបទាំងលុយរបស់សាលានិងម៉ូតូ បើគិតជាទឹកប្រាក់អស់ជាង២ពាន់ដុល្លាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧កន្លងទៅនោះ ។
ការឃាត់ខ្លួននេះបានធ្វើកាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៧ ស្ថិតនៅចំណុច ក្នុងសាលា ស្តេម ហ្វត ផ្លូវ១៩២៨ ក្រុម៦ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងផងដែរថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ លី សុវណ្ណារិទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរប្រធានការិយាល័យប្រតិបត្តិការ សាលា ស្តេម ហ្វត ស្នាក់នៅផ្ទះលេខ៤៧៣ ផ្លូវ៩៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះទី១ឈ្មោះ ឡូ ដាគុន្ធ ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរជានាយប្រតិបត្តិការ សាលា ស្តេម ហ្វត ស្នាក់នៅផ្ទះលេខ៤៥ផ្លូវលេខ១៤ ភូមិឫស្សី សង្កត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី២ឈ្មោះ លន់ បូរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិក សាលា ស្តេម ហ្វត ស្នាក់នៅផ្ទះលេខ១១៤ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣ឈ្មោះ ផាត់ សំអន ភេទប្រុសអាយុ២១ឆ្នាំ មុខរបរបុគ្គលិកសាលា ស្តេម ហ្វត ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ឡូ ដាគុន្ធ ជានាយប្រតិបត្តិការ សាលា ស្តេម ហ្វត បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១២និង៣០នាទី គាត់បានឲ្យលុយទៅជនសង្ស័យចំនួន ៨៧៥ ដុល្លារយកទៅដាក់នៅធនាគារ ពេលនោះ ជនសង្ស័យបានយកទៅបាត់។ លុះដល់ថ្ងៃទី២៥ ខែឆ្នាំដដែល ម៉ោងប្រហែល៩ ជនសង្ស័យបានមកសាលាវិញ ហើយបានខ្ចីម៉ូតូរបស់មិត្តភក្តិម្នាក់ឈ្មោះ លន់ បូរីរតនៈ ដែលមានម៉ាកZoomer-X ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GC-2465 ដោយប្រាប់ថាទៅមើលម្តាយឈឺ ពេលនោះជនរងគ្រោះក៏ឲ្យ ហើយគេយកទៅបាត់ទៀត។ លុះដល់ម៉ោង១២និង៣០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានមកសាលាម្តងទៀត ហើយបានប្រាប់ម្ចាស់ម៉ូតូZoomer-X ថាម៉ូតូឯងប្អូនខ្ចីជិះសិនហើយ។ ក្រោយមកគេក៏បានខ្ចីម៉ូតូ១ គ្រឿងទៀត ពីជនរងគ្រោះឈ្មោះ ផាត់ សំអន ដែលមានម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FC-8918 ដោយប្រាប់ថាខ្ចីជិះទៅរកប្អូនពេលនោះជនរងគ្រោះក៏ឲ្យហើយជនសង្ស័យក៏ជិះចេញទៅបាត់។ លុះដល់វេលាម៉ោង៣រសៀល ជនសង្ស័យបានមកសាលា ហើយពេលនោះជនរងគ្រោះបាននាំគ្នាសួរកម៉ូតូតែជនសង្ស័យបានឆ្លើយប្រាប់ថារូបគេបានយកម៉ូតូទៅបញ្ចាំអស់ ហើយៗលុយដែលជនរងគ្រោះឲ្យយកទៅដាក់នៅធនាគានោះ ក៏អស់ដែរ ព្រោះរូបគេបានទៅលេងល្បែងស៊ីសងនៅកាស៊ីណូណាហ្គាចាញ់អស់ហើយ។ រហូតដល់ថ្ងៃកើតហេតុ ទើបជនរងគ្រោះបាននាំខ្លួនជនសង្ស័យមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់