ព័ត៌មានបច្ចេកវិទ្យា

ញាក់សាច់! បើ Samsung ចេញ Galaxy Note 8 ចឹងមែននោះ

នេះគឺជាលើកទីមួយហើយដែលទូរសព្ទ Galaxy Note 8 ត្រូវបានរំលេច​រចនាបទគំរូយ៉ាងច្បាស់បែបនេះ បន្ទាប់ពីក្រុមហ៊ុនប្រកាសចេញ Galaxy ស៊េរី S8 កាលពីចុងខែមីនាកន្លងទៅនេះ។ វាគឺជាស្នាដៃដ៏ល្អវិចិត្ររបស់អ្នករចនាក្រាហ្វិក Muhin M. Belaal Auckburaully សហការជាមួយម្ចាស់ទំព័រ YouTube ឈ្មោះ DBS Designing។

រចនាបទដ៏ប្រណិត គួរឱ្យទាក់ទាញយ៉ាងខ្លាំងនេះ គឺត្រូវបានធ្វើឡើងដោយការច្នៃប្រឌិតបន្ថែមចំណុចខ្វះខាតនៅលើ Galaxy S8 និងស្របតាមព័ត៌មានចចាម​អា​រ៉ាមដែលបានបែកធ្លាយពីមុនៗ។ ខុសពីគំរូស្មាតហ្វូនភាគច្រើនបំផុតដែលយើងធ្លាប់ឃើញ រូបភាពក្រាហ្វិករបស់ Galaxy Note 8 ថ្មីនេះ គឺត្រូវបានរំលេចរូបសម្បត្តិដូចជាទូរសព្ទពិតៗអីចឹង ហើយថែមទាំងមានភ្ជាប់មកជាមួយប៊ិក S Pen ដ៏ស្រស់ស្អាត ពណ៌ខ្មៅរលើបមួយផងដែរ។

យោងតាមព័ត៌មានក្រៅផ្លូវការកន្លងមក Note 8 នឹងបំពាក់អេក្រង់ខ្នាត QHD+ ទំហំ ៦.៤ អីុញ និងមានផ្ទៃលាតសន្ធឹងស្មើរនឹង ៨៣% នៃផ្ទៃមុខរបស់ទូរសព្ទ។ ក្រៅពីនេះ វាប្រើប្រាស់ RAM ទំហំ ៦ ជីហ្គាបៃយ៍ អង្គចងចាំជាប់ម៉ាស៊ីនទំហំ ៦៤/១២៨ ជីហ្គាបៃយ៍ និងអាចបន្ថែមមេម៉ូរីកាតខាងក្រៅប្រភេទ Micro​SDXC។ ដោយឡែក នៅផ្នែកខាងក្រោយ គឺមានបំពាក់កាមេរ៉ាភ្លោះ បន្ទះស្គេនក្រយៅដៃ និងថ្មថាមពល ៤,០០០ មីល្លីអំព៊ែរ​។​

ទោះយ៉ាងណា គេមិនរំពឹងថា កំពូលទូរសព្ទប្រភេទអេក្រង់ធំដ៏ទំនើ មានប៊ិកបញ្ជានេះ នឹងចេញនៅចុងឆ្នាំ ២០១៧ ​នោះទេ ប៉ុន្តែ វាក៏នឹងមិនឱ្យអ្នកគាំទ្ររងចាំយូរនោះដែរ៕

ប្រភពព័ត៌មាន: bgr

មតិយោបល់