ព័ត៌មានជាតិ

លោក សំ ប្រជាមានិត៖ ពិតជាមានការដាក់ពិន័យលើលោកចៅក្រម សាំង សេរី មែន!

ភ្នំពេញ: លោក សំ ប្រជាមានិត បានថ្លែងប្រាប់តាមទូរសព្ទថា ដោយសារតែលោក សាំង សេរី ចៅក្រមសាលាដំបូងខេត្តកោះកុងបានប្រព្រឹត្តកំហុសក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃនោះ ទើបក្រុមប្រឹក្សាវិន័យ នៃក្រុមប្រឹក្សានៃអង្គចៅក្រម ប្រជុំសម្រេចស្នើទៅក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីសម្រេច ដាក់ពិន័យលើលោកចៅក្រមរូបនេះ

លោកបន្តថា ពីក្រុមប្រឹក្សានៃអង្គចៅក្រមបានសម្រេចយល់ព្រមហើយ ក្រុមប្រឹក្សានៃអង្គចៅក្រម បានបញ្ជូនសេចក្តីសម្រេចនោះទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីរៀបចំពង្រាងព្រះរាជក្រឹត្យ ថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ការដាក់ពិន័យបែបនេះ គឺអនុលោមតាមវិន័យរដ្ឋបាលក្រមខណ្ឌរបស់មន្ត្រីរាជការក្រសួងយុត្តិធម៌ ក្នុងគោលបំណងឲ្យមន្ត្រីចេះកែប្រែកំហុសដែលខ្លួនបានប្រព្រឹត្ត

នៅពេលដែល ការអនុវត្តន៍វិន័យនេះចប់សព្វគ្រប់ លោក សាំង សេរី អាចត្រឡប់ទៅបំពេញមុខងារជា ចៅក្រមដូចដើមវិញ តាមរយ:ការធ្វើរបាយការណ៍ស្តីពី បញ្ចប់ការអនុវត្តន៍វិន័យ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

សូមបញ្ជាក់ថា យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧កន្លងទៅ ចៅក្រមសាលាដំបូងខេត្តកោះកុងម្នាក់ គឺលោក សាំង សេរី ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដាក់វិន័យក្រោមរូបភាពផ្លាស់ដោយបង្ខំចាត់ឲ្យទៅក្រសួងយុត្តិធម៌ អាចតម្រូវឲ្យទទួលការបណ្តុះបណ្តាលបន្ថែម និងការព្យួរពីការងារមិនឲ្យមានបៀវត្សរ៍ក្នុងរយ:ពេល៩ខែ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/២៤៥ ចុះថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧ ។

គួររំលឹកថា លោក សាំង សេរី ជាសិស្សចៅក្រមជំនាន់ទី៥ នៃសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវ:តុលាការ ធ្លាប់ត្រូវបានចាត់ឲ្យទៅបម្រើការងារជាចៅក្រមកម្មសិក្សានៅសាលាដំបូងខេត្តកោះកុង ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧១១/៦៩៧ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ និងក្រោយមកក៏ទទួលបានការតាំងស៊ប់ ក្នុងក្របខណ្ឌអង្គចៅក្រម និងបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកោះកុង ដោយព្រះរាជាក្រឹត្យលេខ នស/រកត/១១១២/៩៩៤ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២៕

មតិយោបល់