ព័ត៌មានជាតិ

ក្មេងចាស់ប្រុសស្រីចំនួន ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ២០ និង ៣០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះសំណាក់ជ័យមង្គល បន្ទប់លេខ៣១០ ស្ថិតនៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ និងនាំខ្លួនជនសង្ស័យ មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីទទួលបានចម្លើយ សារភាព កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងការធ្វើតេស្តរកសារធាតុញៀន រួមទាំងផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើស យ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យ អាចត្រូវបានចោទប្រកាន់ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់