ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន ត្រេន ស្តា បើកបុកខឿនទ្រូងផ្លូវនិងបង្គោលភ្លើង រួមនិងផ្ទះពលរដ្ឋ រងការខូចខាត អ្នកបើកបររបួសធ្ងន់

កំពង់ស្ពឺ: លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ បើកទៅបុកខឿនទ្រូងផ្លូវ និងបង្គោលភ្លើងរួមនឹងទ្វារផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត និងបណ្តាលឲ្យបុរសម្នាក់អ្នកបើករថយន្តរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៣នាទី យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3581 មានសណ្ដោងរម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0265 ជារថយន្ដរបស់ក្រុមហ៊ុន ត្រេន ស្តា អ្នកបើកបរឈ្មោះ ទេព ស៊ីថា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកខឿនចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ រួចរថយន្ដក៏រេចង្កូតមកខាងឆ្វេងដៃ ទៅបុកបង្គោលខ្សែភ្លើងមួយទៀត និងប៉ះទ្វារផ្ទះរងការខូចខាត និងបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តខាងលើ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់