កំពង់ស្ពឺៈ មុខសញ្ញាចែកចាយគ្រឿងញៀនចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកសំរោងទងធ្វើការបង្ក្រាប ដោយដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកមួយចំនួនធំ។
ករណីនេះ បានធ្វើឡើង កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតក្នុងផ្ទះជាប់របងរោងចក្រ ក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកអនុសេនីយ៍ត្រី វិន ឡេងហួង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទង បានប្រាប់ថា មុខសញ្ញាជាជនសង្ស័យពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀនខាងលើទី១-ឈ្មោះផាត ហ៊ាប ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិរំដួល ឃុំត្រពាំងគង ទី២-ឈ្មោះជិន ជន ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាកូន និងទី៣-ឈ្មោះមឿន រី ភេទប្រុស (ជួលផ្ទះស្ត្រីសង្ស័យស្នាក់នៅ) និងមានទីលំនៅភូមិសំពៅលូន ឃុំសំពៅលូន ស្រុកស្អាង ខេត្តកណ្តាល។
លោកបន្តថា វត្ថុតាងគ្រឿងញៀន ដែលសមត្ថកិច្ចដកហូតបាន ចំនួន៧កញ្ចប់មធ្យម ៣កញ្ចប់តូច និងច្រកក្នុងទុយយោចំនួន០២ ស្មើ ០១កញ្ចប់ធំ ទូរស័ព្ទ ០៤គ្រឿង និងសម្ភារៈសម្រាប់សេព ព្រមទាំងថងប្លាស្ទិកទុកច្រកគ្រឿងញៀនជាច្រើនទៀត។
លោកមេបញ្ជាការបានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះ មានការចូលរួមសហការពីកម្លាំងអធិការនគរបាល ស្រុកសំរោងទង ប៉ុស្តិ៍រដ្ឋបាលត្រពាំងគង និងអាជ្ញាធរភូមិ ឃុំផងដែរ។ ក្រៅពីវត្ថុតាងគ្រឿងញៀន និងជនសង្ស័យ សមត្ថកិច្ចមិនបានរកឃើញអ្វីផ្សេង ដែលអាចពាក់ព័ន្ធបទល្មើសដទៃទៀតទេ ប៉ុន្តែជនសង្ស័យទាំង០៣នាក់ សមត្ថកិច្ចបាននាំមកកាន់បញ្ជាការដ្ឋានដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
ស្ត្រីជនសង្ស័យឈ្មោះ ផាត ហ៊ាប បានសារភាពថា គាត់ទើបតែចេញពីពន្ធនាគារ រស់នៅក្នុងភាពជាស្ត្រីមេម៉ាយ ប្តីលែង កូនៗគ្មានអ្នកណាជួយគាត់ ដោយសារជំពាក់បំណុលឯកជន និងធនាគារឯកជនច្រើនស្ថាប័នពេក មានទាំងបង់ប្រចាំថ្ងៃ ប្រចាំអាទិត្យ និងប្រចាំខែទើបបែកគំនិតទាក់ទងជាមួយឈ្មោះមឿន រី (អ្នកជួលផ្ទះគាត់ស្នាក់នៅ) ថាមានស្គាល់អ្នកណារកស៊ីមុខរបរលក់គ្រឿងញៀននេះទេ ទើបមានការទំនាក់ទំនងគ្នាដោយគេយកមកដាក់ឲ្យក្នុង០១កញ្ចប់បានចំណេញ២០ដុល្លារប៉ុណ្ណោះ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់