ព័ត៌មានជាតិ

ចៅក្រម ជា សុខច័ន្ទដេត ដោះលែងជនសង្ស័យ ខណៈជនរងគ្រោះ អំពាវនាវរកយុត្តិធម៌

ភ្នំពេញៈ លោក ជា សុខច័ន្ទដេត បានសម្រេចដោះលែងជនសង្ស័យម្នាក់ ឱ្យមានសេរីភាពឡើងវិញ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ក្រោយពេលដែលធ្វើការសាកសួររួច ខណៈជងរងគ្រោះមិនអស់ចិត្ត ព្រោះភាពអយុត្តិធម៌។

លោកស្រី ចាន់ សុខថា បានអះអាងថា ជនសង្ស័យ បានវាយតប់គាត់ រហូតមានស្លាកស្នាមពេញខ្លួន និងបាត់បង់ក្រវិលពេជ្រមួយចំហៀង ទម្ងន់ ៤,៧លី ដែលមានតម្លៃប្រមាណជា ២,៥០០ដុល្លារ ផងដែរ។ ជនរងគ្រោះ បន្តថា លោកស្រី មិនសុខចិត្ត ចំពោះការសម្រេចរបស់តុលាការនោះទេ ព្រោះលោកស្រី មិនទាន់បានសំណង សូម្បីតែមួយរៀល នៅឡើយ។ ជនរងគ្រោះថា នឹងបន្តស្វែងរកយុត្តិធម៌បន្តទៀត គឺមិនសុខចិត្តឱ្យជនបង្ក បន្តរំលោភបំពានច្បាប់នោះទេ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះ លី ចិន្តា ហៅឡឺយ មិនត្រឹមតែវាយជនរងគ្រោះទេ គឺថែមទាំងនាំម្តាយ ទៅវាយនគរបាលយុត្តិធម៌ នៅអធិការដ្ឋានខណ្ឌច្បារអំពៅ ថែមទៀតផង។ លោក នូ ណាល់ មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានថ្លែងថា លោកពិតជាត្រូវបានជនសង្ស័យ បង្ករបួសស្នាមមែន ប៉ុន្តែលោកបានទទួលសំណងពីជនសង្ស័យរួចហើយ ទើបលោកមិនប្តឹងផ្តល់វែងឆ្ងាយ តទៅទៀត។

ជនសង្ស័យមានឈ្មោះ លី ចិន្តា ហៅឡឺយ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរលក់សំបកកង់រថយន្ត ទីលំនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នៅក្រោយពេលដែលជនសង្ស័យ បានធ្វើសកម្មភាពវាយតប់ លើស្ត្រីរងគ្រោះឈ្មោះ ចាន់ សុខថា ភេទស្រី អាយុ ៤៦ឆ្នាំ ស្នាក់នៅផ្ទះលេខ C ១១ តាមផ្លូវលំក្រុម១ ភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ស្ត្រីជាជនរងគ្រោះ បានទទួលរងរបួស រយះក្រោមចិញ្ចើម ជាំមុខ និងបាត់ក្រវិលពេជ្រ ១ចំហៀង មានទំហំ ៤,៧លី។

គួររំលឹកថា ដើមចមនៃជម្លោះហិង្សាវាយតប់គ្នានេះ បានលើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទី ល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ដោយនៅមុនកើតហេតុ ជនរងគ្រោះ បានឈរមុខផ្ទះ ហើយក៏ឃើញជនសង្ស័យ ជិះម៉ូតូម៉ាក AIR BLACK ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1DD -4140 មកដល់មុខផ្ទះ ក៏ហៅឈប់សួរនាំ តើមូលហេតុអ្វី បានជាងគេទាត់ថ្មចូលផ្ទះគាត់ រួចក៏បុរសប្រកែកថា មិនបានធ្វើទេ។ ការប្រកែកខ្លាំងឡើង ជនសង្ស័យ ក៏បានដាល់ចំលើផ្ទៃមុខ និងធាត់ជនរងគ្រោះ ៣ជើង។ ក្រោយមក ក្រុមគ្រួសារជនរងគ្រោះ បានដេញចាប់ជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ច តែម្តងទៅ៕

  

   

មតិយោបល់