ភ្នំពេញៈ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយ និងកម្លាំងនគរបាលនៃការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម និងជនជាតិចិន សរុបចំនួន ១៧នាក់ នៅខណ្ឌចំការមន។
ការឃាត់នេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ នៅតាមបណ្តារោងសិប្បកម្មឈើមួយចំនួន នៅតាមបណ្តោយផ្លូវលេខ ១០៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ក្នុងប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងារជនបរទេស របស់កម្លាំងនាកយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីនៅតាមបណ្តារោងសិប្បកម្មឈើនេះដែរបានធ្វើឡើងទៅលើ ៦ទីតាំង ដោយបានរកឃើញជនជាតិវៀតណាមប្រុស ស្រីចំនួន ១៥នាក់ (ស្រី ២នាក់) និងបុរសជនជាតិចិនចំនួន ២នាក់ សរុប ១៧នាក់។
ដោយបានរកឃើញថា ជនជាតិវៀតណាមទាំង ១៥នាក់ (ស្រី ២នាក់) គឺកំពុងតែលួចស្នាក់នៅនិងបំពេញការងារដោយគ្មានឯកសារអ្វីទាំងអស់និងត្រូវឃាត់ខ្លួន ចំណែកបុរសជនជាតិចិនចំនួន ២នាក់ទៀតគឺមានលិខិតឆ្លងដែន និងសៀវភៅការងារត្រឹមត្រូវ និងដោះលែងឲ្យមានសេរីភាពវិញ។
ក្រោយពីប្រតិបត្តិការត្រួតពិនិត្យការស្នាក់ នៅនិងបំពេញការងារ របស់កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី ជនជាតិវៀតណាមប្រុស ស្រី ទាំង ១៥នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីរង់ចាំធ្វើការបណ្តេញចេញទៅវិញទៅតាមច្បាប់ផងដែរ៕






https://youtu.be/P0uPG3w-H_g
មតិយោបល់