ព័ត៌មានជាតិ

កម្លាំងចម្រុះរដ្ឋបាលព្រៃឈើ បង្ក្រាបរថយន្តដឹកឈើគ្រញូង១គ្រឿង ឃាត់ខ្លួនមនុស្សម្នាក់

កំពង់ធំៈ មនុស្សម្នាក់និងរថយន្តកាមរីគូទហើមមួយគ្រឿង ដឹកឈើគ្រញូងចំនួន៤៧ដុំ ត្រូវបានកម្លាំងចម្រុះផ្នែករដ្ឋបាលព្រៃឈើស្ទោង ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់លោកអ៊ិតសុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ ចុះបង្ក្រាបបានកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បន្ទាប់ពីបានធ្វើសកម្មភាពដឹកឈើគ្រញូងតាមបណ្តោយផ្លូវជាតិលេខ៦២។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា សមត្ថកិច្ចបានចុះឃាត់ចាប់រថយន្តដឹកឈើមួយគ្រឿងខាងលើនេះបន្ទាប់ពីបានទទួលព័ត៌មានពីបណ្តាញថា មានរថយន្តកាមរី គូទហើម១គ្រឿងបានធ្វើសកម្មភាពដឹកឈើចេញពីខេត្តព្រះវិហារតាមបណ្តោយផ្លូវជាតិលេខ៦២ ឆ្ពោះមកដល់ កំពង់ធំក៏ត្រូវបានសមត្ថកិច្ចដេញប្រផិតប្រភីង ក្របួចជាប់នៅតាមផ្លូវ ចំណុចខាងលើដោយរឹបអូសបានឈើគ្រញូងនៅក្នុងគូទរថយន្តកាមរីហើម និងឃាត់ខ្លួនអ្នកបើកបរម្នាក់ យកទៅធ្វើការសាកសួរនិងរាប់ថ្លឹងឈើនៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការតាមច្បាប់។

លោក ឈឿងគុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានប្រាប់ឲ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងនេះម៉ាកកាមរីគូទហើម ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ស្ពឺ2A-0228 បានធ្វើសកម្មភាពដឹកឈើចេញពីខេត្តព្រះវិហារតាមបណ្តោយផ្លូវជាតិលេខ៦២ គោលបំណងដឹកទៅលក់នៅខេត្តកំពង់ចាម តែត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចនិងឃាត់ខ្លួនអ្នកបើកបរម្នាក់ឈ្មោះ ប៉ិល វណ្ណ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសំរោង ឃុំចុដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយថាខ្លួនគេជាអ្នកបើកបរ ស៊ីឈ្នួលដឹកឈើឲ្យគេទេ ទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើស្ទោងបានបន្តឲ្យដឹងថាឈើក្រញូងនៅក្នុងរថយន្តកាមរី មានចំនួន៤៧ដុំ ស្មើ១៤៧គីឡូក្រាម ត្រូវបានសមត្ថកិច្ចរឺបអូសជាសម្បត្តិរដ្ឋ ចំណែកអ្នកបើកបរខាងលើ ត្រូវបានបញ្ជូនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕

photo_2016-11-09_22-40-03photo_2016-11-09_22-40-05photo_2016-11-09_22-40-08photo_2016-11-09_22-40-10photo_2016-11-09_22-40-12photo_2016-11-09_22-40-14

មតិយោបល់