ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ! ឃាតកដែលសម្លាប់យុវតីវ័យ១៦ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ

ភ្នំពេញ: ពិតជាឈាមស្រែកស្បែកហៅមែន! ជនសង្ស័យដែលជាឃាតក សម្លាប់យុវតីវ័យ១៦ឆ្នាំម្នាក់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ កាលពីវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងរោងគោ តាមបណ្ដោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយបានយកទូរសព្ទ និងគ្រឿងអលង្ការ ហើយរត់គេចខ្លួនបាត់ស្រមោល ពេលនេះត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ស្រាវជ្រាវតាមចាប់ខ្លួនបានហើយ។

លោក ឯក សេរីវុធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Post News ថាដឹងថា ក្រោយពីកើតហេតុ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌ និងសហការជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង បានបើកប្រតិបត្តិការស្រាវជ្រាវតាមប្រម៉ាញ់ និងឃាត់ខ្លួនជនសង្ស័យដែលជាឃាតកបាន ព្រមទាំងដកហូតបានទូរសព្ទដៃ មួយគ្រឿងវិញ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះបងប្អូនរបស់ជនសង្ស័យ ដែលស្ថិតក្នុងភូមិរំចេក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោក ឯក សេរីវុធ បានបន្តទៀតថា ក្រោយពីកើតមានករណីឃាតកម្ម ដោយប្រើក្រមារឹតកសម្លាប់យុវតីម្នាក់ ព្រមទាំងយកគ្រឿងអលង្ការ និងទូរសព្ទ ហើយរត់គេចខ្លួន។ ក្រោយមកសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រួមនឹងកម្លាំងនគរបាលការិយាល័យបច្ចេកទេសចក្ខុកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងបានធ្វើការសន្និដ្ឋាន និងវាយតម្លៃថា ជាករណីឃាតកម្ម ខណ:ដែលជនសង្ស័យជាឃាតកបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយ ក៏បានរត់គេចខ្លួនទៅផ្ទះបងប្អូននៅឯខេត្តកំពង់ឆ្នាំង ហើយសមត្ថកិច្ចបានបើកប្រតិបត្តិការស៊ើបអង្កេត និងកំណត់បាននូវមុខសញ្ញាឃាតក ហើយក៏តាមប្រម៉ាញ់រហូតចាប់ខ្លួនបាននៅឯខេត្តកំពង់ឆ្នាំងតែម្ដង។

លោក ឯក សេរីវុធ បានបញ្ជាក់ថា ជនសង្ស័យជាឃាតកដែលត្រូវចាប់ខ្លួនឈ្មោះ យ៉ុង ឧត្តម «ហៅទន្សាយ» ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរ កម្មករស៊ីឈ្នួលដឹកគោ ស្នាក់នៅក្បែរផ្ទះជនរងគ្រោះ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ាន ស្រីមុំ អាយុ១៦ឆ្នាំ មានមុខរបរ សិស្ស ស្នាក់នៅជាមួយឪពុកឈ្មោះ ទូ ល័សមាន និងមានម្ដាយឈ្មោះ ជីត ម៉ ជាជនជាតិខ្មែរឥស្លាម មានមុខរបរលក់សាច់គោ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ក្រុម៦ ភូមិដើគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយនិងវត្ថុតាងត្រូវសមត្ថកិច្ចនាំទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់