ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ រថយន្ដម៉ាកហ៊ីយ៉ាន់ដាយដឹកឥដ្ឋមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿនទាញចង្កូតឡើងខឿនទ្រូងផ្លូវ បុកស្លាកមហាវិថីឈ្មះឈ្នះទាំងព្រឹក ហេតុការណ៍នេះបានកើតឡើង ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ កែងផ្លូវជាតិលេខ៦ បាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6221 បើកដោយឈ្មោះ ផែ ផាត ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិត្រពាំងធំ ឃុំព្រះស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ដំណើររឿង៖ នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកតាមបណ្តោយមហាវិថីឈ្នះឈ្នះ ពីលិចទៅកើតក្នុងល្បឿនលឿនវ៉ាគេ ខណៈពេលរថយន្តមកដល់ចំណុចកើតហេតុ គេចម៉ូតូនៅខាងស្តាំដៃទាញចង្កូតឡើងទ្រូងផ្លូវ ទៅបុកដើមស្លា និងគ្រឹះស្លាកឈ្មោះមហាវិថីឈ្នះឈ្នះលើទ្រូងមហាវិថីតែម្តង។ តាមប្រភពពីអ្នករួមដំណើរដែលជិះក្នុងរថយន្តនោះដែរបានឲ្យដឹងថា ដោយសារថយន្តបែកស៊ីប៉ែនជាន់ហ្វ្រាំងមិនស៊ីមកដល់ចំណុចកើតហេតុ គេចម៉ូតូនៅខាងស្តាំដៃក៏រេមកឆ្វេងដៃឡើងទ្រូងផ្លូវតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទៅដល់ត្រួតពិនិត្យមើលហើយទាក់ទងជំនាញ មកវាស់វែងយករថយន្ត និងតៃកុងទៅការិយាល័យចរាចរណ៍ផ្លូវគោកដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់