ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលជាឃាតកប្រើក្រម៉ារឹតកសម្លាប់យុវតីវ័យ ១៦ឆ្នាំម្នាក់ ប្លន់យកទូរសព្ទដៃ មួយគ្រឿង

ភ្នំពេញ: ជនសង្ស័យជាឃាតកដែលសម្លាប់យុវតីវ័យអាយុ១៦ឆ្នាំ ប្លន់យកទូរសព្ទដៃ កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចរោងគោ ស្ថិតក្នុងភូមិដើមគរ តាមបណ្ដោយផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកមក្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បានកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះម្តាយអ៊ុំរបស់ជនសង្ស័យ ស្ថិតនៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ រួចមកក៏បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ យ៉ង់ ឧត្តម ហៅសាយ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាកម្មករដឹកគោនៅកុងស៊ី មានស្រុកកំណើតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យដែលជាឃាតកខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គឺមេឃកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយជនសង្ស័យក៏បានដើរចូលទៅក្នុងរោងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ ដោយពេលទៅដល់ក្នុងរោងនោះ ក៏ឃើញជនរងគ្រោះកំពុងតែដេកម្នាក់ឯង ភ្លាមៗនោះ ជនសង្ស័យក៏បានទៅដេកក្បែរ ហើយចាប់អោបជនរងគ្រោះពីក្រោយ ដើម្បីសាសងសុំសេចក្តីស្នេហា ស្រាប់តែពេលនោះ ជនរងគ្រោះបានរើបម្រាស់ និងបានស្រែកឲ្យគេជួយ ប៉ុន្តែដោយសារតែមេឃធ្លាក់ភ្លៀងខ្លាំងពេក ទើបមិនមានអ្នកជិតខាងណាបានលឺ។ ហើយជនសង្ស័យមានការភ័យខ្លាចនឹងជនរងគ្រោះប្រាប់ឪពុកម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនរូបគេ ភ្លាមៗនោះ ជនសង្ស័យក៏យកក្រណាត់រុំមាត់ជនរងគ្រោះរួចរុញផ្អឹបផ្កាប់មុខទៅលើពូករហូតដល់ជនរងគ្រោះថប់ដង្ហើមស្លាប់ ទើបជនសង្ស័យយកទូរសព្ទដៃរបស់ជនរងគ្រោះ ១គ្រឿង ម៉ាក អាយហ្វូន៥ ហើយក៏រត់គេចទៅលាក់ខ្លួននៅផ្ទះម្តាយអ៊ុំនៅឯខេត្តកំពង់ឆ្នាំង ហើយក៏ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានតែម្តង។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៦និង២០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅរោងគោ ផ្លូវទន្លេសាប ក្រុម៦ ភូមិ ដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណីឃាតកម្មលើក្មេងស្រីរងគ្រោះដោយអំពើប្លន់ស្លាប់នោះមានឈ្មោះ ម៉ាន ស្រីមុំ អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅឃុំទនួង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ចំណែកជនល្មើសក្រោយពីធ្វើសកម្មភាពរួចគេចខ្លួនបាត់។

បើតាមប្រភពពីគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែមេសា គាត់ជាឪពុកម្តាយបាននាំចេញពីកន្លែងកើតហេតុនៅក្នុងរោងស្នាក់នៅទៅលក់សាច់គោនៅម្តុំស្ពានទី៦ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដោយទុកកូនស្រីរងគ្រោះឲ្យនៅចាំផ្ទះ ហើយណាមួយនាងជាប់រៀនសូត្រផង។ លុះមកដល់ម៉ោងប្រហែលជា ១២ថ្ងៃត្រង់ឪពុកក្មេងស្រីរងគ្រោះបានតេទូរសព្ទមកកូនស្រីប្រាប់ឲ្យនាងយកលុយចំនួន ១៩០០០០០រៀលប្រគល់ឲ្យឈ្មោះ លោកស្រី យឿន ថ្លៃទិញគោ ក្រោយពីនិយាយចប់គាត់ក៏បិទទូសព្ទទៅ។ លុះមកដល់ម៉ោងប្រហែលជា ៥ល្ងាចថ្ងៃដដែលម្តាយក្មេងស្រីរងគ្រោះក៏បានហៅទូរសព្ទមកកូនស្រីជាច្រើនលើកតែមិនអាចទាក់ទងបាន ក្រោយពីហៅទូរសព្ទមកកូនមិនចូលគាត់ក៏បាននាំគ្នាត្រឡប់មកផ្ទះភ្លាម ខណ:ពេលពួកគាត់មកដល់មុខផ្ទះ នៅវេលាម៉ោងប្រហែល ៦និង២០នាទីយប់ គាត់ឃើញផ្ទះរបស់គាត់ងងឹត ហើយឪពុកក៏បានដើរចូលទៅក្នុងផ្ទះហើយឡើងទៅបើកទ្វាផ្ទះ ស្រាប់តែឃើញកូនស្រីរបស់គាត់ដេកផ្កាប់មុខស្លាប់នៅលើពូកយ៉ាងស្តូកស្តឹង ដោយមានកន្សែងពណ៌ខ្មៅចងរឹតខ្ទប់មុខ។ ក្រោយពីមានហេតុការណ៍នេះភ្លាម ក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយពីសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័យរួចមកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតស្រុកកោះសូទិនខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕

មតិយោបល់