កណ្តាលៈ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤១ មុខភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដកែច្នៃ និងរថយន្ដវីហ្គោ និងម៉ូតូ បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល។
នៅមុនពេលកើតហេតុ គេឃើញមានរថយន្ដម៉ាកតូយ៉ូតាវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2X0177
(អ្នកបើកបរមិនស្គាល់ឈ្មោះគេចខ្លួន)បានបើកមកពីជើងទៅត្បូងលុះបើកមកដល់ចំណុចកើតរថយន្ដ បានជ្រុលចង្កូតមកឆ្វេងមកបុករថយន្ដកែច្នៃ១គ្រឿងគ្មានស្លាកលេខ អ្នកបើកបរដោយឈ្មោះ វិត ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិត្រពាំងវែង ឃុំជម្ពូវ័ន ស្រុកជុំគីរី ខេត្តកំពត រួមដំណើរដោយឈ្មោះ សេង ង៉ែត ភេទប្រុស អាយុ២១ឆ្នាំ ទី២ឈ្មោះ យិន នួន ភេទប្រុស អាយុ២៨ឆ្នាំ និងទី៣ឈ្មោះអួង ដា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ បានបើកបរមកពីត្បូងទៅជើង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយរថយន្តកែច្នៃបានខ្ទាតទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1D-5835 ជិះដោយឈ្មោះ ប៊ូ ណាត ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបើកបរស្របទិសដៅជាមួយរថយន្តកែច្នៃ។
សេចក្ដីសនិដ្ឋាន ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីអ្នកបើកបររថយន្ដវីហ្គោ បើកបរក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ ។
ករណីនេះ កម្លាំងជំនាញបានចុះវាស់វែងរួចយកមធ្យោបាយទាំង២មករក្សារទុកនៅអធិការដ្ឋាននគបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់