បន្ទាយមានជ័យៈ ក្រោយធ្វើការឃាត់ខ្លួនបុរសជាជនពិការជើង ដែលសង្ស័យថាបានវាយទៅអតីតកូនប្រសាររបស់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនោះ មានព័ត៌មានបែកធ្លាយថាត្រូវក្រុមមន្ត្រីប៉ូលិសបាននាំគ្នា វាយធ្វើទារុណកម្ម សួរចម្លើយរហូតដល់ភ្លាត់ឆ្អឹងស្មា និងសន្លប់បាត់ស្មារតី បន្ទាប់មកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកក្រុងនឹងបន្តយកទៅសម្រាកនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី។
នៅចំពោះមុខអ្នកយកព័ត៌មានជនរងគ្រោះឈ្មោះ ធុក ណារ៉ុង បាននិយាយរៀបរាប់ថានៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ក្រោយពិធីចូលឆ្នាំខែ្មរប្រពៃណីជាតិ ជិតត្រូវបញ្ចប់នោះ គាត់បានទាញដំបងឈើមួយ វាយទៅលើអតីត កូនប្រសារចំច្រមុះ បណ្តាលឲ្យឈាម ព្រោះតែអតីតកូនប្រសារនេះផឹកស៊ីជោគជាំ ហើយជិះម៉ូតូមានគ្នា២នាក់ មកជេរប្រមាថមើលងាយដល់រូបគាត់ មិនតែប៉ុណ្ណោះមានទាំងដាវស៊ាំម៉ូរ៉ៃទៀតផង។ ក្រោយមកមេប៉ុស្តិ៍ក៏បានមកនាំខ្លួនលោកទៅកាន់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ។ នៅក្នុងបន្ទប់សួរចម្លើយមន្ត្រីប៉ូលីសបានសួរចម្លើយលោក តែដោយការភិតភ័យធ្វើឲ្យលោកឆ្លើយទាន់នឹងការសួរ ស្រាប់តែគេដាល់កណ្តាលមុខលោកមួយដៃពេញ បណ្តាលងងឹតមុខឈឹង បន្ទាប់មកគេក៏នាំគ្នាសួរបន្ត។ ដោយភាពភ័យខ្លាចស្លុតនិងការគំរាមកំហែង លោករកនឹកឆ្លើយមិនរួចគេក៏ទាញដំបងជ្រុងមកវាយលោកបន្ថែមទៀត និងរុញផ្ទុបទៅនឹងជញ្ជាំងថ្ម។ បន្ទាប់មកក៏អូសគាត់ទៅដល់បន្ទប់ផ្ទះបាយនាំគ្នាទាត់ធាក់គាត់តាមអំពើចិត្ត។ ប៉ូលីសម្នាក់ក្រុងស្ថានភាពស្រវឹងបានទាត់គាត់មួយជើងចំដើមទ្រូងធ្វើឲ្យចុករហូតដួលសន្លប់តែម្តង លុះពេលគាត់ដឹងខ្លួនឡើងវិញគាត់បាននិងកំពុងសម្រាកនៅមន្ទីរពេទ្យ។
ឆ្លើយតបតាមទូរសព្ទ លោក ស៊ីវ សុជាតិ អធិការក្រុងសិរីសោភ័ណ បានធ្វើការបដិសេធ មិនដឹងឭរឿងនេះទេ ព្រោះពេលនោះលោកស្ថិតនៅប្រទេសថៃព្យាបាលជំងឺ។
លោកស្នងការរង សិទ្ធិ ឡោះ ទទួលផែនកណ្តាលយុត្តិធម៌ បាននិយាយថា វាមិនជាករណីធ្វើទារុណកម្មនោះទេ តែវាជាករណីអនុវត្តនីតិវិធីជំនាញរបស់នគរបាលក្នុងករណីដែលជនសង្ស័យមិនព្រមឆ្លើយបំភ្លឺ ឬបំភ្លៃសក្ខីកម្ម។ មួយវិញទៀតខាងអធិការដ្ឋានបានជូនសំណងបញ្ចប់រឿងរួចហើយ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពេលនោះមន្ត្រីលោកស្រវឹងដូច្នេះ ធ្វើឲ្យការអនុវត្តនីតិវិធីមានការជ្រុលជ្រួស តែលោកក៏បានដាក់ពិន័យរដ្ឋបាលរួចហើយដែរ៕

មតិយោបល់