ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះ សម្លាប់មនុស្ស២នាក់ របួស២៣នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានកើតឡើងចំនួន១២លើក សម្លាប់មនុស្ស២នាក់ និងបង្កឲ្យមានរបួសធ្ងន់ស្រាល២៣នាក់ (ស្រី៥នាក់)។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គិតចាប់ម៉ោង២រសៀលថ្ងៃទី១៦ ខែឧសភា ដល់ម៉ោង២រសៀល ថ្ងៃទី១៧ ខែឧសភានេះ។

របាយការណ៍នេះ បានបង្ហាញឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ស្រីម្នាក់) រងរបួសធ្ងន់១៧នាក់ (ស្រី៤នាក់) និងរបួសស្រាល៦នាក់ (ស្រីម្នាក់)។ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ ក៏បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២០គ្រឿង រួមមាន ម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង និងរថយន្តធុនធំ២គ្រឿងផងដែរ។

គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ បណ្ដាលមកពីកត្តាមនុស្ស រួមមាន ការបើកបរលើសល្បឿនកំណត់៥លើក មិនគោរពសិទ្ធិអាទិភាព១លើក ស្រវឹង១លើក មិនប្រកាន់ស្តាំ១លើក បត់ក្នុងស្ថានភាពគ្រោះថ្នាក់២លើក ងងុយដេក១លើក និងកត្តាយានយន្ត១លើក(ស្លាប់)។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍១៩នាក់ (យប់៦នាក់)។

របាយការណ៍ដដែលឲ្យដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១២លើក កើតឡើងលើផ្លូវជាតិ ចំនួន៧លើក ផ្លូវខេត្ត-ក្រុង ចំនួន១លើក និងផ្លូវលំ ចំនួន១លើក ដោយឡែកយានយន្តបង្កហេតុ រួមមាន ម៉ូតូ៧លើក រថយន្តធុនតូច២លើក។ រាជធានីខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តពោធិ៍សាត់ ១លើក (ស្លាប់ម្នាក់ របួស២នាក់) ខេត្តព្រះវិហារ ១លើក(ស្លាប់ម្នាក់ របួសម្នាក់) និងខេត្តមណ្ឌលគិរី ១លើក(របួស៤នាក់ ស្រី២នាក់)។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ លទ្ធផលត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៤,៦៣៤គ្រឿង ក្នុងនោះ សមត្ថកិច្ចបានធ្វើការអប់រំចំនួន១,៨៣១គ្រឿង និងពិន័យសរុប២,៨០៣គ្រឿង៕

24BGCTY4-3_1339767f traffick accident accident3

មតិយោបល់