ព័ត៌មានជាតិ

ក្ដៅៗ! ប៉ូលិសបំបែកសម្បុកចោរកម្មដ៏ធំ ឃាត់ខ្លួនជនសង្ស័យ៧នាក់

ព្រះសីហនុៈ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបំបែកសម្បុកចោរកម្មយ៉ាងសកម្មដ៏ធំមួយកន្លែង បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប្រតិបត្តិការបង្ក្រាបសម្បុកចោរកម្មនេះ បានធ្វើឡើងតាំងពីម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ដោយឃាត់ខ្លួនជនសង្ស័យបាន៧នាក់ ដកហូតវត្ថុតាងម៉ូតូ១៣គ្រឿង និងស្លាកលេខម៉ូតូ៥។

នគរបាលស្រុកព្រៃនប់ ប្រាប់ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ម៉ុត វិទ្យា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧៖៤៥នាទី ព្រឹកថ្ងៃទី១៧ ខែឧសភានេះ អំពីករណីបាត់ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១០ ខណៈជនរងគ្រោះចតទុកនៅមុខផ្ទះប្អូន កាលពីម៉ោង៧៖០០នាទី យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក៏បានបញ្ជាឲ្យកម្លាំងជំនាញ នៃការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ និងនគរបាលក្រុងព្រះសីហនុ បើកការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់។

បន្ទាប់ពីបើកការស៊ើបអង្កេតអស់ជាង១ម៉ោង គឺនៅម៉ោង៩ព្រឹកថ្ងៃដដែល នគរបាលក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ មានទី១ឈ្មោះ ជន សឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់(ធ្លាប់ជាប់ពន្ធនាគារ៧ខែ ពីបទចោរកម្ម) ទី២ឈ្មោះ ផន ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅជាមួយគ្នា(សហចារី) ទី៣ឈ្មោះ វ៉ា ថន ហៅគ្រង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់(ទទួលផលចោរកម្ម) និងទី៤ឈ្មោះ ជំ ហាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅជាមួយគ្នា(ទទួលផលចោរកម្ម)។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានក្នុងប្រតិបត្តិការនេះ រួមមាន ម៉ូតូចំនួន១៣គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៤ ចំនួន៧គ្រឿង ម៉ាកហុងដាវ៉េវ ចំនួន៤គ្រឿង ម៉ាកស៊ុយហ៊្សូគីវីវ៉ា ចំនួន១គ្រឿង និងម៉ាក ហុងដាគុប១គ្រឿង ដែលក្នុងនោះ មានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ជារបស់ជនរងគ្រោះឈ្មោះ ម៉ុត វិទ្យា និងដកហូតបានស្លាកលេខម៉ូតូចំនួន៥ស្លាក ព្រមទាំងគ្រឿងបន្លាស់ម៉ូតូមួយចំនួន។

រហូតដល់ម៉ោងជាង៣រសៀលថ្ងៃដដែល កម្លាំងនគរបាលជំនាញក៏បានធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត ពីបទចោរកម្ម លួចម៉ូតូវ៉េវ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ របស់ជនរងគ្រោះឈ្មោះ VOLODYMYR BIRIUKOV ជនជាតិអ៊ុយគ្រែន ភេទប្រុស អាយុ៤៨ឆ្នាំ។

ជនសង្ស័យទាំង៣នាក់ ឈ្មោះ សូន ចាន់សេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្រុមទី២៤ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ទី២ឈ្មោះ ផា រិនហៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅសង្កាត់៤ ក្រុងព្រះសីហនុ និងទី៣ឈ្មោះ សាន់ គ្រឿន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅសង្កាត់៤ ក្រុងព្រះសីហនុ។

ក្រោយការឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងបន្តធ្វើការសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ដោយឡែក ចំពោះម៉ូតូទាំង១៣គ្រឿង ដែលដកហូតបានជាវត្ថុតាង ស្នងការដ្ឋាននឹងជូនដំណឹងទៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ និងរាជធានីភ្នំពេញ ដើម្បីឲ្យជនរងគ្រោះដោយអំពើលួចឆក់ ប្លន់ បានដឹង និងយកឯកសារពាក់ព័ន្ធមកទំនាក់ទំនងទទួលយកទៅវិញ៕

photo_2016-05-17_21-10-46photo_2016-05-17_21-10-44photo_2016-05-17_21-10-43 photo_2016-05-17_21-08-05 photo_2016-05-17_21-10-48photo_2016-05-17_21-10-49

មតិយោបល់