ភ្នំពេញៈ បុរសម្នាក់រួមទាំងសាច់ញាតិ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ប្អូនជីដូនមួយរបស់ខ្លួន បានទុកម៉ូតូនៅមុខបន្ទប់ជួល ហើយចូលទៅដេកក្នុងបន្ទប់ ត្រូវចោរលួចកាច់សោកម៉ូតូឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ទៅបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាម្ចាស់ម៉ូតូនោះមានឈ្មោះ ជូ រុំ អាយុ២១ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិបឹងខាងត្បូង ឃុំបឹងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រីឯម៉ូតូដែលចោរលួចទៅនោះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR -2536។
ប្រភពពត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនជិះម៉ូតូ២នាក់ប្អូនជីដូនមួយទៅហូបបាយ លុះហូបបាយរួច ខ្លួននិងប្អូនជីដូនមួយ ក៏ត្រឡប់មកបន្ទប់ជួលវិញ តែជិះមកដល់ការដ្ឋានដែលខ្លួនធ្វើការខ្លួនក៏ចូលសម្រាកទីនោះដោយប្អូនជីដូនមួយជិះបន្តទៅបន្ទប់ជួល។
ប្រភពដដែលបន្តថា ពេលដល់បន្ទប់ ប្អូនជីដូនមួយ បានចាក់សោ កម៉ូតូ នៅមុខបន្ទប់ ហើយចូលដេកដោយខ្ទាស់គន្លឹះពីក្នុងផង ស្រាប់តែដេកៗឮសូសម្លឹងបញ្ឆេះម៉ូតូតែប្អូនខ្លួនបើកទ្វារស្ទុះចេញក្រៅមិនរួចទេ ព្រោះជនសង្ស័យមិនដឹងជាយកសោពីណាទេមកចាក់ពីក្រៅធ្វើសកម្មភាពជិះម៉ូតូចេញទៅដោយសុវត្ថិភាពតែម្តង។
ក្រោយពេលកើតហេតុទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីឲ្យជួយអន្តរាគមន៍៕
មតិយោបល់