កំពង់ធំៈ ភ្លើងឆេះហ្គារាសស្តុកហ្គាសមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ និងអ្នកធ្វើដំណើរឆ្លងកាត់។ គ្រោះអគ្គិភ័យឆេះកន្លែកបញ្ចូលហ្គាសរថយន្តនេះ បានកើតឡើងនៅវេលាម៉ោង៥៖៤៥នាទី ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបែកចាន ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ត្រី ឃុន ប៊ុនហួ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ ប្រាប់ឲ្យដឹងថា គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីខុសបច្ចេកទេស ដោយសារអ្នកបញ្ចូលហ្គាសខ្វះការប្រុងប្រយ័ត្ន ខណៈនៅពេលកំពុងតែបាញ់ហ្គាសពីស៊ីទែនធំ បញ្ចូលទៅក្នុងធុងតូចៗ ដែលនៅលើរថយន្តសម្រាប់ដឹកយកទៅចែកចាយនោះ ទុយោមានលេចហ្គាស ទើបបណ្តាលឲ្យឆេះតែម្តង។ ករណីនេះបណ្ដាលឲ្យខូចខាតរថយន្តកូរ៉េ១គ្រឿង ចំណុះ១តោនកន្លះ ពណ៌ខៀវ គ្មានស្លាកលេខ ជាកម្មសិទ្ធិរបស់ម្ចាស់ហ្គារាស និងឆេះសម្បកធុងហ្គាសអស់ចំនួន៦០ធុងធំ ប៉ុន្តែសំណាងល្អមិនមានមនុស្សគ្រោះថ្នាក់ និងមិនឆេះរាលដាលដល់ស៊ីទែនធំ។
តាមរយៈករណីនេះដែរ ក៏សូមឲ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈដទៃទៀត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងរៀបចំទុកដាក់ទៅតាមបច្ចេកទេស ជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ ដូចករណីខាងលើនេះ៕





មតិយោបល់