ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី១៧ឧសភា តារាសម្ដែង និងជាដៃគូលើឆាកទូរទស្សន៍ពីរដួង គឺអ្នកនាង សុខ សោម៉ាវត្តី និងលោកជា វណ្ណរិទ្ធិ បានបង្ហាញខ្លួនក្នុងពិធីសម្ពោធភាពយន្តថ្មីក្រោមចំណងជើងថា«អ្នកនាងម្ចាស់ឡឺកឺ»នៅផ្សារទំនើបទួលគោក។ នេះគឺជារឿងទី២ដែលពួកគេសម្ដែងរួមគ្នា បន្ទាប់ពីខកខានសម្ដែងជាតួអង្គក្នុងរឿងតែម្ដង អស់រយៈពេលច្រើនឆ្នាំ។
ពិធីសម្ពោធនេះត្រូវបានបង្ហាញខ្លួនយ៉ាងច្រើនកុះករដោយតារាសិល្បៈល្បីៗ ដោយក្រោយពីចប់វេទិកាសន្និសីទកាសែតក៏មានការដាក់បញ្ចាំងរឿងឲ្យភ្ញៀវកិត្តយស ដែលបានចួលរួមទស្សនាដោយឥតគិតថ្លៃផងដែរ នៅថ្ងៃល្ងាចនោះ។
អ្នកនាង សុខ សោម៉ាវត្តី បានអះអាងថា នេះជារឿង២ដែលនាងបានថតឲ្យផលិតកម្មមហាហង្ស ហើយក៏ជារឿងទី២ផងដែរ ដែលនាងបានសម្ដែងជាតួឯកជាមួយនឹងជា វណ្ណរិទ្ធិ បន្ទាប់ពីធ្លាប់ថតរឿង«ហាមសិនមុនស្នេហ៍»របស់ទូរទស្សន៍បាយ័ន។ ក្នុងពិធីបើកសម្ពោធនោះគេឃើញមានក្បួនដង្ហែរតួឯកប្រុសតួឯកស្រី និងតួសំខាន់ៗក្នុងរឿងជុំវិញបរិវេណផ្សារទំនើបTK អមដោយក្បួនតន្ត្រីធ្វើឲ្យមានភាពទាក់ទាញ។
អ្នកនាងសុខ សោម៉ាវត្តី បញ្ជាក់ថា ខ្សែរឿង«អ្នកនាងម្ចាស់ឡឺកឺ»គឺជារឿងមួយថ្មីដែលនាងសម្ដែងក្នុងអត្តចរឹកឡប់ៗ ហើយជាចរឹកឡប់ៗលើសពីរឿងមុនៗ។ នាងហាក់រំពឹងយ៉ាងខ្លាំងថារឿងបញ្ចេញរឿងនេះទទួលជោគជ័យ ដោយនាងទទូចឲ្យចូលរួមគាំទ្រភាពយន្តខ្លួនឲ្យបានច្រើនតាមរយៈរឿងនេះ។
មិនខុសគ្នាដែរលោកជា វណ្ណរិទ្ធិ ក៏អះអាងនេះលោកសង្ឃឹមខ្ពស់ផងដែរ ដោយសារតែរឿង«អ្នកនាងម្ចាស់ឡឺកឺ» គឺជារឿងបើកឆាកប្រចាំឆ្នាំ២០១៦របស់ខ្លួន ហើយក៏ជារឿងដែលនាងចាប់ដៃ ជាមួយអ្នកនាងសុខ សោម៉ាវត្តី ដោយខាងផលិតកម្មមហាហង្សតម្រូវឲ្យសម្ដែងជាតួក្រមិចក្រមើម។ លោកថារឿងនេះលំបាកច្រើន ប៉ុន្តែធ្វើឲ្យលោកសប្បាយចិត្តដោយសារតែក្នុងរឿងនេះមានភាពលំបាកច្រើន៕
មតិយោបល់