ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម ភាគីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានដែងនូវការរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរកម្ពុជា រុស្ស៊ី ដែលបាននិងកំពុងបោះជំហានទៅមុខគួរជាទី មោទនភាពបំផុត។ នៅក្នុងជំនួបពិភាក្សាទ្វេភាគីដែលធ្វើឡើងនៅនិវេសនដ្ឋាន របស់ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី ដែលធ្វើឡើងក្នុងទីក្រុងម៉ូស្កូ សហព័ន្ធរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ មានប្រសាសន៍ថ្លែងនូវអំ ណរគុណយ៉ាងជ្រាលជ្រៅបំផុត ដោយបានជួបធ្វើការពិភាក្សាសារជាថ្មីម្តងទៀត ជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមទៅកាន់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ២០១៥កន្លងទៅ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំរុស្ស៊ី ជាច្រើនកាលពីពេលកន្លងមក ហើយថ្ងៃនេះប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងពីរ បានជួបពិភាក្សាសាជាថ្មីម្តងទៀត ដែលទាក់ទិនទៅនិងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ជាង៣៧ឆ្នាំហើយដែលរូបសម្តេចមិនបានអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្សី។ សម្រាប់ដំណើរទស្សនកិច្ចនៅពេលនេះ សម្តេចបានធ្វើការកត់ សំគាល់ថា សហព័ន្ធរុស្ស៊ី មានការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សបំផុត។ នៅក្នុងជំនួបពិភាក្សាចង្អៀត និង ការទទួលទានអាហារការងារថ្ងៃត្រង់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យកាន់តែមានទំហំ ធំឡើងទ្វេឡើងថែមទៀត បើទោះបីទំហំពាណិជ្ជកម្មនៃប្រទេសទាំងនៅមានតិចតួចនៅឡើយក៏ពិតមែន។ មេដឹកនាំនៃទាំងពីរក៏បានធ្វើការពិនិត្យពិភាក្សារាល់ទិដ្ឋភាពទាំងអស់ ដែលប្រទេសទាំងពីរមាន ពិសេសការ សម្លឹងមើលទៅអនាគតសម្រាប់ប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី ទៅកាន់ប្រទេសកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០១៥ គឺជា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តលើកទី១ ដែលមិនធ្លាប់មានមេដឹកនាំរុស្ស៊ី អញ្ជើញទៅបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជា និងជាដំណើរទស្សនកិច្ចមួយដែលធ្វើឡើងមុនការប្រារព្វខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។
ពាក់ព័ន្ធទៅនិងកិច្ចព្រមព្រៀងក្នុងការគាំពារអ្នកវិនិយោគនៃប្រទេសទាំងពីរ លោកនាយករដ្ឋមន្រ្តីរុស្ស៊ី ដល់ដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវពិនិត្យមើលលើទិដ្ឋភាពរួមទាំងអស់ ក្នុងនោះរំទាំងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន ក្នុងចន្លោះពីឆ្នាំ១៩៥៦ រហូតមកដល់ឆ្នាំ ១៩៩១ ធ្វើយ៉ាងណាឲ្យឯកសារទាំងអស់នោះបានឆ្លើយតបទៅនឹងបច្ចុប្បន្នភាព សម្រាប់ប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ តាមរយៈការជំរុញឲ្យមានការផ្លាស់ប្តូរមុខទំនិញពីគ្នាទៅវិញទៅមក រួមទាំងការគិតគូរជំរុញអ្នកវិនិយោគ រុស្ស៊ីមកបណ្តាក់ទុននៅកម្ពុជាលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមទាំងផ្លូវដែកផងដែរ។
ក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រ សាសន៍ដល់ដល់សមភាគីនាយករដ្ឋមន្រ្តីរុស្ស៊ី ខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរតាមរយៈ ទី១ត្រូវអនុវត្តនូវកិច្ចព្រមព្រៀងដែលមានសម្រាប់ប្រ ទេសទាំងពីរ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគសម្រាប់ប្រទេសទាំងពីររហូតដល់ឆ្នាំ២០២០ ទី២ស្នើដល់ភាគីរុស្ស៊ី ផ្តល់ដល់កម្ពុជា ក្នុងការនាំចេញពីកម្ពុជាដោយមិនចាំបាច់ក្នុងការបង់ព័ន្ធ និងគ្មានកូតា ទី៣ស្នើដល់ភាគីរុស្ស៊ី ជួយទិញកសិផល និងផលិតផលកសិកម្មពីកម្ពុជា និងទី៤ស្នើបង្កើតឲ្យមាននូវក្រុមប្រឹក្សាធុរកិច្ចកម្ពុជា រុស្ស៊ី។
លោកនាយករដ្ឋមន្រ្តីរុស្ស៊ី បានឯកភាពចំពោះសំណើររបស់ភាគីកម្ពុជា តាម រយៈកិច្ចពិភាក្សាគ្នានោះដែរ ឯកឧត្តមបានសន្យាថានិងជួយដល់គ្រូបង្វឹកដល់ក្រុមកីឡារបស់កម្ពុជា ក្នុងការ ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្កេមនៅឆ្នាំ២០២៣ខាងមុខ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រ ទេសទាំងពីរកម្ពុជា រុស្ស៊ី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាទ្វេភាគី បញ្ហាតំបន់ និងអន្តរ ជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ បន្ទាប់ពីបានបញ្ចប់កិច្ចពិភាក្សាប្រកបដោយលទ្ធផលដ៏ត្រចះត្រ ចង់រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីរុស្ស៊ី បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៨ ក្នុងនោះរួមមានទី១ សន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ ទី២អនុស្សារណៈនៃការយោគយល់ គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី។ ទី៣អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន រវាងក្រសួងប្រៃសណីនិងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ និងក្រសួងទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយ នៃសហព័ន្ធរុស្ស៊ី។ ទី៤អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការអូឡាំពិករុស្ស៊ី ។ ទី៥សេចក្តីប្រកាសរួមស្តីពី បញ្ជីសំណើរគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជារុស្ស៊ី លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិ យោគដល់ឆ្នាំ២០២០។ ទី៦អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មថាមពលបរមាណូរដ្ឋ ROSATOM (សហព័ន្ធរុស្ស៊ី) ស្តីពីការ បង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ៊។ ទី៧អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចិរភាព នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មថាមពលបរមាណូរដ្ឋ ROSATOM (សហព័ន្ធរុស្ស៊ី) ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា រុស្ស៊ី លើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូ ក្នុងគោលបំណងសន្តិភាព និងទី៨កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហា ផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃសហព័ន្ធរុស្ស៊ី។
សូមបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ លោកនាយករដ្ឋមន្រ្តីរុស្ស៊ី ឌីម៉េទ្រី មេវេដេវ ទៅមកកាន់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ២០១៥កន្លងទៅ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ចុះហត្ថលេខាលើ ឯកសារ កិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយលើគ្នាលើឯកសារសំខាន់ៗ ចំនួន១០ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទីហ្កាន សាសីយ៉ាន ប្រធាន ក្រុមប្រឹក្សានៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី។ ក្នុងជំនួបពិភាក្សាដែលមានការចូលរួមពីផ្នែកធុរកិច្ចនៃប្រទេស នៃប្រទេសទាំងពីរកម្ពុជា រុស្ស៊ី លោក ទីហ្កាន សាសីយ៉ាន មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកកាន់ក្រុមប្រឹក្សានៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ីនៅ ពេលនេះ។
លោកប្រធានក្រុមប្រឹក្សានៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី មានប្រសាសន៍បន្តថា វត្តមានរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនេះ គឺជាការចូលរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃ ប្រទេសទាំងបីរឲ្យកាន់តែរីកចំរើនទ្វេឡើងថែមទៀត។
ឆ្លើយតបទៅនិងប្រសាសន៍លើកឡើងរបស់លោក ប្រធាន សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា វត្តមានរបស់កម្ពុជាក្នុងការចូលរួមជាមួយនិងគណៈ កម្មការសេដ្ឋកិច្ចអឺរ៉ាស៊ីនៅពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសកម្មរបស់គណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងការជំរុញកមណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឲ្យកាន់តែមានភាពប្រកួតប្រជែងទ្វេឡើងថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ក៏បានចាត់ទុកថានេះគឺជាកាលានុវត្តភាពថ្មីមួយទៀត ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាមួយនិងគណៈកម្មការសេដ្ឋ កិច្ចអឺរ៉ាស៊ី ពិសេសស្ថិតក្នុងកាលៈទេសៈដ៏រីកចំរើននៃតំបន់អឺរ៉ុប។
បន្ទាប់ពីការធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍ ពីគ្នាទៅវិញទៅមករួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ទីហ្កាន សាសីយ៉ាន ប្រធានក្រុមប្រឹក្សានៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី អញ្ជើញចុះហត្ថលេខាលើអនុស្សារណៈរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការ សេដ្ឋកិច្ចអឺរ៉ាស៊ី និងបានធ្វើសន្និសីទ៕
មតិយោបល់