ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ត្រូវសមត្ថកិច្ចក្របួចជាប់ម្នាក់

ភ្នំពេញៈ សមត្ថកិច្ចដេញចាប់ជនសង្ស័យ០២នាក់ ជិះម៉ូតូឌុបគ្នាធ្វើសកម្មភាព ឆក់ទូរស័ព្ទបុរសម្នាក់ មិនបានសម្រេចហើយ ព្យាយាមគេចខ្លួនម្នាក់ និងចាប់បានម្នាក់ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្បែរផ្សារចោមចៅ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ហុក គឹមលាង ភេទប្រុសអាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូធ្វើដំណើរតាមបណ្តោយ ផ្លូវចោមចៅ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាក nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IS- 5251 ឌុបគ្នាមកពីក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទពីជនរងគ្រោះ តែមិនបានសម្រេចហើយ ព្យាយាមគេចខ្លួន ភ្លាមនោះក៏ប្រទះកម្លាំងល្បាតទើបប្រដេញ រហូតឃាត់បានម្នាក់ម៉ូតូមួយគ្រឿង នៅផ្លូវបេតុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដោយឡែកជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានកម្លាំងនគរបាលចោមចៅទី៣ នាំខ្លួនយកទៅសាកសួរបន្ត រង់ចាំបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមច្បាប់ ៕

មតិយោបល់