ព័ត៌មានជាតិ

ដាំបាយភ្លេចពន្លត់ភ្លើងចង្ក្រាន្ត បណ្តាលឲ្យឆេះផ្ទះអស់មួយខ្នងនៅស្រុកស្ទោង

កំពង់ធំៈ លោកអធិការ នគរបាលស្រុកស្ទោង បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់។

អគ្គិភ័យបានឆាបឆេះកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះ ខន ផន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ដោយមានប្រពន្ធឈ្មោះ ហន សុខណាក់។

ក្នុងនោះដែរ អគ្គិភ័យបានឆាបឆេះ បណ្តាលឲ្យខូចខាតអស់ផ្ទះមួយខ្នងទំហំ ៨ម៉ែត្រ គុណនឹង ៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តា និងសម្ភារៈមួយចំនួន បើគិតជាទឹកប្រាក់ អស់ប្រហែល៤លានរៀល។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យមានការឆាបឆេះនេះ គឺបណ្តាលមកពីម្ចាស់ផ្ទះដាំបាយរួចហើយ បែរជាភ្លេចពន្លត់ភ្លើងចង្ក្រាន្តរួចចេញទៅធ្វើការបាត់។ តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ៕

មតិយោបល់