ភ្នំពេញៈ ក្មេងស្ទាវចំនួន ០៤នាក់ ដែលបានអុកឡុកវាយគ្នា នៅក្នុងស្តាតអូឡាំពិក មុនពេលប្រកួតបាល់ទាត់មិត្តភាពកម្ពុជា ហុងកុងនោះ ត្រូវបានអាវុធហត្ថដែលឈរយាមប្រចាំការនៅទីនោះ ក្របួចជាប់។
ហេតុការណ៍វាយគ្នានេះ បានកើតឡើតកាលពីវេលាម៉ោង ៥ និង៤៥នាទីល្ងាច ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុច ក្នុងស្តាតអូឡាំពិក (ក្រោមប៉ាណូដាក់ពិន្ទុ)។
ជនសង្ស័យទាំង ០៤នាក់ ដែលបង្កអសន្តិសុខនៅមុនពេលប្រកួតបាល់ទាត់មិត្តភាពកម្ពុជា ហុងកុងនេះ គឺទី១ឈ្មោះ ផាន់ ករណី អាយុ ១៧ ឆ្នាំ, ទី២- លឿង ឈុនឡៃ អាយុ ១៧ឆ្នាំ, ទី៣- ស៊ុម សុវណ្ណ អាយុ ១៧ឆ្នាំ និងទី៤- សុខ ដារា អាយុ ១៦ឆ្នាំ។ សមត្ថកិច្ចក៏បានចាប់បានវត្ថុតាង រួមមាន បន្ទះក្ដាប្រវែងប្រហែល៧តឹក ចំនួន០១ និងខ្សែក្រវ៉ាត់ចំនួន០១។
ចំណែកមូលហេតុវិញ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា នៅម៉ោងខាងលើខណៈកីឡាករទាំងពីរក្រុម កម្ពុជា និង ហុងកុង កំពុងកំដៅសាច់ដុំស្រាប់តែមានក្រុមក្មេងស្ទាវដេញវាយគ្នា។ ពេលនោះកំលាំងអាវុធហត្ថដែលកំពុងការពារនៅទីនោះបានដេញចាប់បានចំនួន០៤ នាក់ រួមទាំងវត្ថុតាង(បន្ទះក្ដារ និង ខ្សែក្រវ៉ាត់ )។
បច្ចុប្បន្នសុំការអនុញ្ញាត្តពីមេបញ្ជាការបញ្ជូនជនសង្ស័យទាំង០៤នាក់ និង វត្ថុតាងទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕
មតិយោបល់