ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មម្នាក់ ដកហូតថ្នាំញៀន២០កញ្ចប់!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹក ធ្វើការឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន២០កញ្ចប់ ដែលលាក់ទុកនៅជាប់ម៉ូតូ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងលេខ១៩៩ ខាងក្រោយផ្សារទំនើបសុវណ្ណា ក្នុងភូមិផ្អែ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុខ រ៉ាណូ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ ស្នាក់នៅមិនពិតប្រាកដ ដោយមានស្រុកកំណើតនៅភូមិប៉ោយប៉ែត ឃុំប៉ោយប៉ែត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក ផន អូន នាយប៉ុស្ដិ៍ទំនប់ទឹកបានប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ មុនដំបូងឡើយជនសង្ស័យរូបនោះបានជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-8293 ដោយគ្មានកញ្ចក់ ស្របពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាត មានការសង្ស័យ ក៏ឃាត់ខ្លួនសួរនាំ ។ ពេលដែលឃាត់ខ្លួន និងសួរនាំជនសង្ស័យខាងលើ ជនសង្ស័យរូបនោះមានការភ័យស្លន់ស្លោខ្លាំងពេក ទើបធ្វើឲ្យសមត្ថកិច្ចមានការចាប់អារម្មណ៍និងឆែកឆេរលើខ្លួនប្រាណ ជនសង្ស័យរួមទាំងម៉ូតូផងដែរ រហូតសមត្ថកិច្ចគាស់ទូកម៉ូតូក៏ឃើញថ្នាំញៀនចំនួន២០កញ្ចប់តូចនៅជាប់នឹងទុកម៉ូតូតែម្តង។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ថ្នាំញៀន២០កញ្ចប់តូច,លុយខ្មែរចំនួន៧០ម៉ឺនរៀល, ទូរសព្ទម៉ាក IPhone6 ចំនួន២គ្រឿង និងម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១៧ ចំនួន១គ្រឿងផង។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានបញ្ជូនខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងដែលដកហូតបាន យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីសួរនាំបន្ថែម និងកសាងសណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាក់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់