ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ករុណា ពេជ្រ វិលពីបារាំង ប្រកាសទៅអាមេរិក

ភ្នំពេញៈ នៅថ្ងៃទី៧ សីហាខាងមុខនេះតារាចម្រៀងលោកករុណា ពេជ្រ នឹងវិលត្រលប់ពីប្រទេសបារាំងវិញហើយ បន្ទាប់ពីលោកបានចេញទៅដើរកម្សាន្តជាលក្ខណៈឯកជនប្រមាណជា៣សប្ដាហ៍មកនោះ។ ថ្វីដ្បិតតែការចាកចេញទៅកាន់ទ្វីបអ៊ឺរ៉ុបរបស់លោក មិនមានឱកាសបានសម្ដែង ក៏លោកបញ្ជាក់ថាក្រោយពេលមកដល់ស្រុក គឺលោកនឹងរៀបគម្រោងចេញទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក។

តារាចម្រៀងរូបនេះ បានថ្លែងប្រាប់ Post News ពីទឹកដីបារាំងមកថា ការមកកម្សាន្តរបស់លោកនៅលើទឹកដីបារាំង គឺលោកក៏បានបង្ហួសទៅ៤ប្រទេសផ្សេងទៀតផងដែរដូចជាហូឡង់ អាល្លឺម៉ង់ អូទ្រីស និងប៊ែលហ្សិក ដោយសារតែមានមិត្តភ័ក្រ្ត និងសាច់ញាតិធានាចេញទៅ ហើយធានាជួនដើរ។ អ្វីដែលលោកភ្ញាក់ផ្អើល គឺលោកបានជួបលោកម៉ាដូណា ដែលបានចេញទៅកម្សាន្តនៅលើទឹកដីនោះដែរ ប៉ុន្តែមិនបានជួបគ្នាច្រើនទេ ដោយសារតែលោកមានគម្រោងដើរលេង ហើយលោកម៉ាដូណា ក៏មានផែនការសម្ដែង និងដើរលេងខុសពីទិសដៅលោក។ លោកថារយៈពេលជិត៣សប្ដាហ៍នៅលើទ្វីបអ៊ឺរ៉ុប មានខ្មែរជាច្រើនបានទទូចឲ្យលោកចូលច្រៀងលក់សំបុត្រ ប៉ុន្តែលោកមិនហ៊ានទទួល ដោយសារតែលោកសុំច្បាប់គឺសុំមកដើរលេង ហើយបើលោកលួចច្រៀង នោះនឹងខ្លាចមានរឿង។ លោកនិយាយថា«មានគេហៅខ្ញុំច្រៀងច្រើន ប៉ុន្តែខ្លាចទូតដឹង ហើយគេបិទពេលបើចង់មកលើកក្រោយទើបអត់ហ៊ានទទួល!»។ យ៉ាងណាក៏ដោយលោកថា នៅអំឡុងខែ១០គឺលោកនឹងចេញដំណើរទៅច្រៀងនៅលើទឹកដីអាមេរិករហូតដល់២ខែឯណោះ ទើបលោកមិនសូវចាប់អារម្មណ៍រឿងច្រៀងរាំនៅបារាំង។

លោកករុណា ពេជ្រ និយាយថា គម្រោងចេញទៅច្រៀងនៅអាមេរិកនោះ ភាគីខាងសមាគមន៍ជាអ្នកធានាបានរៀបរយក្នុងការរត់ច្បាប់រួចហើយ ដោយលោកនៅតែចាំចូលទូតដើម្បីទទួលបានឯកសារប៉ុណ្ណោះ ទើបលោកមិនសូវភ័យ។ លោកថាគម្រោងចេញទៅអាមេរិករបស់ខ្លួននឹងអាចជោគជ័យ បើទោះជាលោករៀងស្ងាត់បទចម្រៀងនៅលើទីផ្សារក្នុងស្រុកនាពេលចុងក្រោយក៏ដោយ។ នោះគឺដោយសារតែការច្រៀងរាំនៅក្រៅប្រទេសគេជ្រើសតែបទប្រភេទរាំវង់ រាំក្បាច់ និងបទប្រភេទពីដើម ដែលលោកបញ្ជាក់ថាខ្លួនថ្នឹករួចទៅហើយដោយសារតែលោកគឺជាអ្នកចម្រៀងនៅតាមកម្មវិធីមង្គលធំៗស្រាប់ៗ។ ក្នុងនោះលោកក៏ត្រូវហ្វឹកហាត់ប្រភេទបទចម្រៀងប្លែកៗដែលអាចរាំបានយកទៅអង្រួនមហាជននៅលើទឹកដីស៊ីវិល័យនោះផងដែរ ក្នុងរយៈពេល២ខែដែលត្រូវបាត់មុខក្នុងស្រុក។ លោកថាការចេញដំណើររបស់លោកខ្លួនមិនទាន់ច្បាស់ថាថ្ងៃណានៅឡើយទេ ប៉ុន្តែយោងតាមអ្នកធានាគឺឡើងយន្តហោះនៅដើមខែ១០ បើការសម្ភាសន៍មិនមានបញ្ហា៕

photo_2016-08-03_23-36-58photo_2016-08-03_23-37-03photo_2016-08-03_23-37-10photo_2016-08-03_23-37-13photo_2016-08-03_23-37-17photo_2016-08-03_23-37-21photo_2016-08-03_23-37-25photo_2016-08-03_23-37-28photo_2016-08-03_23-37-32photo_2016-08-03_23-37-49photo_2016-08-03_23-37-53photo_2016-08-03_23-37-59photo_2016-08-03_23-38-03photo_2016-08-03_23-38-09photo_2016-08-03_23-38-16photo_2016-08-03_23-38-22photo_2016-08-03_23-38-27photo_2016-08-03_23-38-31photo_2016-08-03_23-38-34photo_2016-08-03_23-38-38photo_2016-08-03_23-38-45photo_2016-08-03_23-38-50

មតិយោបល់