ព័ត៌មានជាតិ

ឃើញម៉ូតូគេភ្លេចដកសោ ឡើងជិះគេចខ្លួនចៃដន្យអស់សាំង គេចមិនផុតជាប់ខ្នោះសមត្ថកិច្ច!

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការដេញចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់គេដែលចតចោលភ្លេចដកសោបានសម្រេច ហើយព្យាយាមគេចខ្លួន។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ណៅ ខ្លូត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅខេត្តកំពត។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1AB-9683 ជារបស់ជនរងគ្រោះឈ្មោះ ច្រឹក ប៊ុនរី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូរបស់ខ្លួនមកទិញភេសជ្ជៈនៅផ្ទះឈ្មោះ វុធ រី (ប្តីប្រពន្ធ)នៅភូមិឃុំជាមួយគ្នាពេលមកដល់ជនរងគ្រោះមិនបានដកសោម៉ូតូ រំពេចនោះជនសង្ស័យជិះម៉ូតូជនរងគ្រោះឆ្ពោះមកឃុំព្រែកតាមាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ពុកឬស្សីស្ទាក់ចាប់បានពេលជនសង្ស័យបណ្តើរម៉ូតូដោយម៉ូតូអស់សាំង។ ពេលសួរចម្លើយជនសង្ស័យឆ្លើយត្រឡប់ត្រឡិនដូចជាមនុស្សវិកលចរិក។

ករណីនេះ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យបន្តទៀត៕

មតិយោបល់