ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៤នាក់ ដកហូតថ្នាំញៀនចំនួន១៣កញ្ចប់តូចធំ

ភ្នំពេញ: កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ឫស្សីកែវ ធ្វើការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ និងដកហូតថ្នាំញៀន ១៣កញ្ចប់តូចធំ ក្នុងនោះមាន៧កញ្ចប់ធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចបន្ទប់ជួលលេខ៣ តាមបណ្តោយផ្លូវរថភ្លើង ក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរ:សេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវ និងលោក អ៊ីវ ឈុនផេង អធិការរងទទួលផែនយុត្តិធម៌ លោក ម៉ៅ ចាន់ថុន នាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ឫស្សីកែវ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះ ប៉ែន ចាន់ណែត ហៅអាណែត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ (ជួញដូរ) មានទីលំនៅបន្ទប់ជួលលេខ៣ ផ្លូវរថភ្លើង ក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ, ទី២-ឈ្មោះ ប៉ែន សុខដុំ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ (ប្រើប្រាស់) មានទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែ, ទី៣-ឈ្មោះ ព្រុំ សុភាព ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៦៣ ក្រុម៥ ផ្លូវ១០៧ ភូមិ៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា (ជាមេក្លោង និងទី៤-ឈ្មោះ ចិន ធីលឿង ភេទស្រី អាយុ ២២ឆ្នាំ ជនជាតុវៀតណាម មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ខាងលើនេះ ដោយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌឫស្សីកែវ បានតាមជនសង្ស័យទាំង ២នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Today ពណ៌ទឹកក្រូច គ្មានស្លាកលេខ ជិះតាមបណ្ដោយផ្លូវជាតិលេខ៥ ហើយជនសង្ស័យទាំង ២នាក់ក៏បានជិះចូលបន្ទប់ជួលខាងលើ ក៏ត្រូវនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនេះ ដោយក្នុងនោះដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន ៣កញ្ចូប់តូចធំ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយពីធ្វើការសាកសួរជនសង្ស័យម្នាក់មានឈ្មោះ ប៉ែន ចាន់ណែតរួចមក ខ្លួនបានប្រាប់ថា គ្រឿងញៀនដែលទិញនោះ គឺទិញពីឈ្មោះ ភាព ភេទស្រី អាយុ ៣៥ឆ្នាំ ស្នាក់បន្ទប់ជួលលេខ៦៣ ជាន់ទី៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា ជាប់នឹង Happy Net (Net 24h)។ ក្រោយពីបានដឹងតម្រុយពីទីលំនៅដ្ឋានរបស់មុខសញ្ញាដែលជាមេក្លោងគ្រឿងញៀនឈ្មោះ ភាព ខាងលើហើយនោះ កម្លាំងជំនាញបានកំណត់ពេលវេលាធ្វើសកម្មភាព និងភិនភាគអត្តសញ្ញាណ ព្រមទាំងបន្ទប់ជួលដែលជនសង្ស័យជាមេក្លោងស្នាក់នៅ។

លុះមកដល់វេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចយើងបានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលមនោរម្យ ធ្វើការឡោមព័ន្ធបង្ក្រាបជនសង្ស័យជាមេក្លោងខាងលើបាន ស្ថិតនៅចំណុចផ្ទះលេខ៦៣ ក្រុម៥ ផ្លូវ១០៧ ភូមិ៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ដោយឃាត់ខ្លួនបានមនុស្សចំនួន ២នាក់ ហើយសមត្ថកិច្ចយើងបានធ្វើការឆែកឆេររកឃើញវត្ថុតាងក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់តូចធំ ក្នុងនោះមាន ៦កញ្ចប់ធំ, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ទឹកប្រាក់មួយចំនួន និងជញ្ជីងថ្លឹងចំនួនមួយ។ ក្រោយពីធ្វើការឃាត់ខ្លួនមេក្លោងខាងលើរួចមក សមត្ថកិច្ចយើងបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់