ព័ត៌មានជាតិ

ពលរដ្ឋក្នុងឃុំភ្នំតូច និងឃុំចំណោមទទួលបានផ្លូវក្រាលគ្រួសក្រហមមួយខ្សែ

បន្ទាយមានជ័យៈ នាយឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកបញ្ជាការដ្ឋានកងវិកម្មតេជោ ហ៊ុន សែន បានថ្លែងថា បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សអាចធ្វើដំណើរបានដោយសុខស្រួលលែងលំបាក និងប្រឡាក់ភក់ទៀតហើយ។ លោកថ្លែងដូច្នេះក្នុងឱកាសចុះពិនិត្យការដ្ឋានជួសជុលផ្លូវលំមួយខ្សែក្រាលគ្រួសក្រហមចាក់ថ្មម៉ិច ដែលមានប្រវែង៤៧៧៥ម៉ែត្រ តភ្ជាប់ពីភូមិបឹងត្រោះ ឃុំភ្នំតូច ភូមិគោកពន្លៃ ឃុំ ចំណោម រហូតដល់ភូមិអូរជួប ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នាយឧត្តមសេនីយ៍ ខេង សាម៉េត បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះ គឺមានសភាពខូចខាតទាំងស្រុងពិសេសក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ជោគជាំ។ បងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និងទៅមន្ទីរពេទ្យដឹកជញ្ជូនកសិផលមកកាន់ទីផ្សារពិសេសក្មួយៗ ដែលទៅរៀន គឺពិបាកក្នុងការជិះ និងដើរទៅសាលារៀន។ ពេលខ្លះមិនទាន់ទៅដល់សាលាផង ក៏រអិលដួលប្រឡាក់សម្លៀកបំពាក់អស់។

ដោយមើលឃើញពីភាពលំបាកវេទនា សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចជួសជុលផ្លូវមួយខ្សែនេះឡើងវិញ ដោយចាក់គ្រួសក្រហម និងក្រាលថ្មម៉ិច។

លោកស្រី ធី ចិន្តា ប្រជាពលរដ្ឋក្នុងភូមិគោកពន្លៃ នៃឃុំចំណោមបានសម្តែងនូវក្តីរីករាយ និងសាទរចំពោះសមិទ្ធិផលនេះ ដែលបានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង។

លោកស្រីបន្តថា ច្រើនឆ្នាំហើយដែលពួកគាត់វេទនាក្នុងការធ្វើដំណើរ កូនៗទៅរៀនមកវិញខោអាវមិនដែលបានស្អាតទេ តែពេលនេះបានផ្លូវល្អហើយលែងប្រឡាក់ភក់ទៀតហើយ អរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី៕

មតិយោបល់