ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ បានផ្អើលឆោទ្បោ បន្ទាប់ពីភ្ញាក់ពីដំណេក រួចរៀបចំខ្លួនទៅធ្វើការដូចរាល់ដង តែពេលចុះមកខាងក្រោម រកម៉ូតូជិះមិនឃើញ ព្រោះត្រូវចោរលួចបាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលជាន់ផ្ទាល់ដី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះជាប្តីឈ្មោះ វួន វឿង អាយុ៣២ឆ្នាំ កម្មករសំណង់ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ សៅ ចាន់ធឿន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អ្នកទាំង២ស្នាក់នៅបន្ទប់លេខ២៣អើ ជាន់ទី៣ ផ្ទះកើតហេតុ។
ចំណែកម៉ូតូដែលចោរលួច ទៅបាត់នោះម៉ាកហុនដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខក្រចេះ 1B-9539 ពណ៌ខ្មៅ លេខម៉ាស៊ីន 8734112។
តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូខាងលើ បានឲ្យដឹងថា បន្ទាប់ពីចេញពីធ្វើការថែមម៉ោងរួច នៅម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ គាត់បានមកដល់ផ្ទះ និងទុកម៉ូតូនៅជាន់ផ្ទាល់ដី ដោយចាក់សោ.ក និងសោជន្ទល់ត្រឹមត្រូវ លុះដល់ម៉ោង៥ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ គាត់បានចុះមករកម៉ូតូជិះទៅធ្វើការ ស្រាប់តែបាត់ម៉ូតូមិនឃើញឡើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលស្នាក់នៅជាន់ផ្ទាល់ដី នៅបន្ទប់ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង១ជាងរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ពួកគាត់បានឮសំទ្បេងក្រោកក្រាក នៅមុខបន្ទប់គាត់ លួចអើតមើលតាមប្រហោងទ្វារ ឃើញត្រឹមចង្កេះបុរសម្នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម នៅហោប៉ៅខោ ទើបមិនហ៊ានស្រែក ព្រោះភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងកូនតូចនៅក្នុងបន្ទប់ ជាមួយ។
នៅកន្លែងកើតហេតុគេឃើញ មានស្នាមដោះកាមេរ៉ាសុវត្ថិភាពចេញ ដោយបង្វឹលមុខកាមេរ៉ាសុវត្ថិភាព ទៅកន្លែងផ្សេង។
ក្រោយពីកើតហេតុជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ ដាក់ពាក្យបណ្តឹង ដើម្បីឲ្យនគរបាល ជួយកំណត់មុខសញ្ញាជនសង្ស័យ យកមកផ្តន់ទាទោសតាមច្បាប់៕
មតិយោបល់