ស្វាយរៀងៈ លោកអធិការរងស្រុកស្វាយទាប បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តហាយឡែនឌ័របុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទី ល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវលេខជាតិ១ ចន្លោះគីឡូម៉ែត្រ ១៣៧-១៣៨ ស្ថិតនៅភូមិប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
លោកអធិការបានបន្តថា ជនរងគ្រោះទី១មានឈ្មោះ ប្រាក់ សារ៉េត ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ សន សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជប់ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ។
លោកអធិការបន្តទៀតថា គេឃើញរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-7898 បើកបរដោយឈ្មោះ ណុប ប៊ុនលី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ មន្ត្រីពន្ធនាគារ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ០១៣ ពណ៌ខ្មៅ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់និងរបួសធ្ងន់តែម្តង។ ចំណែកអ្នករងរបួសធ្ងន់បានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកមធ្យោបាយទាំង២គ្រឿងមករក្សានៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់