ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនម្នាក់ ដកហូតថ្នាំបាន១៥កញ្ចប់

ភ្នំពេញ: ភ្នាក់ងារPost News បានរាយការណ៍មកថា នគរបាលប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន១៥កញ្ចប់ ។
ការចាប់ឃាត់នេះបានធ្វើឡើងកាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចវត្តញ្ញាណរង្សី ផ្លូវលំ ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក នង សាបុង នាយរងស្តីទីប៉ុស្តិ៍នគរបាលទួលសង្កែ បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ហើយក៏បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកំពុងឈរលក់ថ្នាំញៀននៅចំណុចវត្តញ្ញាណរង្សី ហើយសមត្ថកិច្ចយើងធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន១៥កញ្ចប់។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។

លោក នង សាបុង បានបន្តទៀតថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ម៉ុន ធារ៉ា ហៅពែក ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរ) មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់