ព័ត៌មានជាតិ

លោកតាវ័យ៦២ឆ្នាំម្នាក់ ផឹកស្រាវាយប្រពន្ធកូនឲ្យរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: ជនសង្ស័យជាលោកតា វ័យ៦២ឆ្នាំម្នាក់ បានធ្វើសកម្មភាពបង្កហិង្សារក្នុងគ្រួសារ វាយប្រពន្ធកូន បណ្តាលឲ្យរបួស ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី ថ្ងៃត្រង់ទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះទាំង២នាក់ទី១ឈ្មោះ ថេង សុខេន ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ (ប្រពន្ធជនសង្ស័យ) របួសលើមេដៃខាងឆ្វេង និងម្នាក់ទៀតឈ្មោះ ស៊ុយ ជីវ័ន្ត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅជាមួយគ្នា (កូនជនសង្ស័យ)
របួសចំនួន២កន្លែង ស្នាមឆូតក្រោមដោះខាងឆ្វេង ប្រវែង៦សង់ទីម៉ែត្រ និងស្នាមរលាត់ដើមដៃខាងឆ្វេងប្រវែង៤សង់ទីម៉ែត្រ។ ចំណែកជនសង្ស័យមានឈ្មោះ សីម ស៊ុយ ភេទប្រុស អាយុ៦២ឆ្នាំ ស្នាក់នៅជាមួយគ្នា។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូរបាន ដែកប្រហោង៤ជ្រុងចំនួន១ដើម ប្រវែង១.២០ម៉ែត្រ, ដែកថ្នាំងអំពៅចំនួន១ ស្រោបជ័រ(ឈើជ្រាត់)ប្រវែង ០.៧០ម៉ែត្រ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារជាច្រើនលើកមកហើយ ដោយសារផឹកស្រាស្រវឹង។ លុះនៅថ្ងៃទី១ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៤ល្ងាច ជនសង្ស័យបានមកពីផឹកស្រាស្រវឹង ហើយបានប្រើអំពើហិង្សាទាញដែកប្រហោងបួនជ្រុង ប្រវែង១.២០ម៉ែត្រ បំណងវាយប្រពន្ធ តែដោយកូនស្រីឈ្មោះ ស៊ុយ សីណែត មកចាប់ឃាត់ទាន់បំបែកចេញ។ លុះនៅព្រឹកថ្ងៃទី២ ខែឧសភា ២០១៧ វេលាម៉ោង៩ព្រឹកជនរងគ្រោះ ជាប្រពន្ធបានមកដាក់
ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស រហូតដល់ម៉ោង២និង១៥នាទីរសៀល ជនសង្ស័យបានប្រើអំពើហិង្សាជាលើកទី២ ទៅលើកូនប្រុសឈ្មោះស៊ុយ ជីវ័ន្ត និង ជនរងគ្រោះជាប្រពន្ធដោយយកដែកប្រហោងបួនជ្រុងវាយទៅលើកូនត្រូវ
ចំដើមដៃនិងក្រោមដោះខាងឆ្វេង បណ្ដាលឲ្យរបួសស្រាលពេលនោះជនរងគ្រោះជាប្រពន្ធចូលទៅឃាត់ ហើយ ជនសង្ស័យបានវាសត្រូវចំជនរងគ្រោះលើម្រាមដៃខាងឆ្វេង និងចុងដែកបណ្ដាលឲ្យមានរបួសស្រាល។ បន្ទាប់មក
ជនរងគ្រោះបានទូរសព្ទ មកលោកនាយប៉ុស្ដិ៍សំបួរមាស ហើយបានដឹកនាំកម្លាំងដល់កន្លែង កើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យមកប៉ុស្ដិ៍ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់