ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់Post Newsថា មានករណីឆក់ខ្សែលួស រាយឆក់សត្វ ដាក់ដោយដុំអាំងម៉ូទ័រឆក់ប្រើអាគុយ បណ្តាលឲ្យស្លាប់បុរសម្នាក់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្បែរចំការស្វាយ លោក ប៊ួយ ស្រេង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ យង់ សារ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចម្លាក់ឈើ រស់នៅក្នុងភូមិកើតហេតុខាងលើ ដោយមានរបួសរយះ ឆេះខ្លោចសាច់គន្លាក់កដៃស្តាំ , គន្លាក់ដើមម្រាមកូនដៃធ្វេងនិងគន្លាក់ចុងម្រាមម្នាងដៃធ្វេង ។
មូលហេតុ ជនរងគ្រោះ មានគ្នាចំនួន៣នាក់ ដើរឆ្លុះបាញ់សត្វព្រៃដោយប្រើប្រាស់អាវុធកែច្នៃ (ប្រភេទកាំភ្លើងខ្យល់) និងដើរឆ្លុះបែកគ្នា ហើយជនរងគ្រោះបានដើរទាក់នឹងខ្សែលួសនោះបណ្តាលឲ្យឆក់ស្លាប់តែម្តង ទើបបញ្ជូនមកមណ្ឌលសុខភាពប្រម៉ោយ។
ក្រោយពីពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពនោះឲ្យប្រពន្ធយកធ្វើបុណ្យតាមប្រពៃណី។ លុះម៉ោង១និង៥៩ នាទី កណ្តាលអធ្រាត្រ ថ្ងៃទី២០ ខែឆ្នាំដដែល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធូ ធិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ហើយនៅវេលាម៉ោង១០ព្រឹក ថ្ងៃដដែល ទើបជនសង្ស័យនេះសារភាពថាគាត់ពិតជាបានប្រព្រឹត្តសកម្មភាពប្រើប្រាស់ដុំអាំងម៉ូទ័រឆក់,អាគុយនិងរាយខ្សែលួសឆក់សត្វព្រៃបណ្តាលឲ្យឆក់មនុស្សនៅចំណុចខាងលើពិតប្រាកដមែន ហើយនាំសមត្ថកិច្ចទៅយកដុំអាំងម៉ូទ័រឆក់សត្វព្រៃដែលលាក់ទុកកប់ក្នុងដីនៅខាងកើតឈៀងខាងជើងផ្ទះរបស់ខ្លួនចម្ងាយ៩ម៉ែត្រ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់