ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេចក្តីទុកចិត្តទឹកប្រាក់ជាង៣ម៉ឺនដុល្លារ

ភ្នំពេញៈ សង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនពីបទរំលោភលើទំនុកចិត្ត យកលុយ ក្រុមហ៊ុនចំនួន ៣៣,០០០ដុល្លារ ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃត្រង់ទី២ ខែឧសភា ឆ្នាំ២០១៧ ដែលបានប្រព្រឹត្តនៅ ចំណុចផ្ទះលេខ១៦៥ ផ្លូវលេខ១៩២ ក្រុមទី២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៥ល្ងាច។

នគរបាលខណ្ឌទួលគោកបានប្រាប់ថា ការឃាត់ខ្លួនធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីជនរងគ្រោះឈ្មោះប្រាក់ សារ៉េត ហៅ ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ លក់ដូរ ស្នាក់ នៅផ្ទះលេខ១៦៥ ផ្លូវលេខ១៩២ ក្រុមទី២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានអះអាងថាជនសង្ស័យឈ្មោះ ខាន់ ចាន់មករា ហៅ មករា ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ បុគ្គលិកផ្នែកទីផ្សារ ស្នាក់នៅភូមិឧត្តុង្គ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ គឺជាបុគ្គលិកក្នុងក្រុមហ៊ុនរបស់ជនរងគ្រោះផ្នែកទីផ្សារនឹងប្រមូលលុយ ពីម៉ូយ ៕

ជនរងគ្រោះបានបន្តថា បន្ទាប់ពីជនសង្ស័យបានយកសម្ភារៈដាក់ឲ្យម៉ូយនានាក្នុងរាជធានីភ្នំពេញ ជាច្រើនតែពុំឃើញយកលុយមកទូទាត់ជាមួយក្រុមហ៊ុន ពេលនោះជនរងគ្រោះដែលជាម្ចាស់បានទៅសួរម៉ូយ តែម៉ូយបានប្រាប់ថា លុយដែលថ្លៃសម្ភារៈគឺបានប្រគល់ឲ្យជនសង្ស័យខាងលើអស់ហើយដោយដឹងដូចនេះទើបជនរងគ្រោះខាងលើបានបូកបញ្ជីទើបដឹងថាទឹកប្រាក់ដែលជនសង្ស័យមិនបានប្រគល់ឲ្យក្រុមហ៊ុនមានចំនួនជាង៣ម៉ឺនដុល្លារឯនោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យបានចូលបម្រើការងារនៅកន្លែងជនរងគ្រោះ ដែលបើកអាជីវកម្មផលិតទុយោជ័រ និងកែងជ័រ ដោយជនសង្ស័យមានតួនាទីជាបុគ្គលិកផ្នែកទីផ្សារ ដោយ មានភារកិច្ចយកឥវ៉ាន់ដាក់ឲ្យអតិថិជន និងប្រមូល លុយពីអតិថិជនមកឲ្យជនរងគ្រោះ ជនសង្ស័យ បានយកឥវ៉ាន់ដាក់ឲ្យអតិថិជន តែពុំឃើញប្រមូល លុយពីអតិថិជនមកទូរទាត់ឲ្យជនរងគ្រោះឡើយ ទើបជនរងគ្រោះសួរនាំអតិថិជន បានប្រាប់ថាបានទូរទាត់លុយរួចរាល់អស់តាមរយៈជនសង្ស័យ ។ ជនរងគ្រោះបានបូកវិក័យប័ត្រ ឃើញមានការបាត់លុយចំនួន ៣៣,០០០ដុល្លារ លុះនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១១និង៤៥នាទី ជនរងគ្រោះបានឃាត់ខ្លួនជន សង្ស័យនាំមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ដើម្បីចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់