ព័ត៌មានជាតិ

បុរសម្នាក់ដាក់ខ្សែភ្លើងឆក់កណ្តុរ បែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ!

បាត់ដំបង: ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា មានបុរសម្នាក់ ឆក់ខ្សែភ្លើង ម៉ាស៊ីនគោយន្ត ពង្រាយខ្សែលួសឆក់កណ្ដុរ បណ្តាលឲ្យស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅភូមិទំពូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មិន កុសល ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិទំពូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទៅធ្វើស្រែ នៅចំណុចបឹងឈ្លើង គាត់បានដាក់ខ្សែភ្លើងម៉ាស៊ីនគោយន្ត ពង្រាយខ្សែលួស ឆក់កណ្តុរ កុំឲ្យស៊ីស្រូវ តែជាអកុសល ជនរងគ្រោះមិនបានប្រយ័ត្ន ក៏រអិលជើងដួលទាក់ខ្សែភ្លើង បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

ក្រោយពីកើយហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ ចំណែកសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់