ព័ត៌មានជាតិ

ឃាត់មន្ត្រីក្រសួងអប់រំ ក្រោយពីប្រើល្បិចប្រគល់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ជិត១ម៉ឺនដុល្លារ

ភ្នំពេញ: បុរសម្នាក់ត្រូវបាន បុគ្គលិកក្រុមហ៊ុនលក់ដែកឯកជន និងមិត្តភក្តិចាប់យកមកប្រគល់ឲ្យសមត្ថកិច្ច ដើម្បីធ្វើការសាកសួរ ក្រោយទិញដែកហើយចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ឲ្យទៅគេជិត១ម៉ឺនដុល្លារ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង៩យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ឃ្មួញ ខណ្ឌសែនសុខ ដែលជាម្ចាស់ករណីវិញ។

ជនសង្ស័យឈ្មោះ ង៉ោ ម៉េងអាន អាយុ៤១ឆ្នាំ មុខរបរមន្ត្រីក្រសួងអប់រំ ស្នាក់នៅបណ្តោះអាសន្នផ្ទះលេខ៣៣E ផ្លូវលេខ១៤២ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ មានស្រុកកំណើតភូមិជប់ ឃុំជប់ ស្រុកត្បូងឃុំ ខេត្តកំពង់ចាម។ ចំណែកបុរសជាដើមបណ្តឹងឈ្មោះ ហន សេងហ៊ាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលក់ដែក ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវវត្តចាស់ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមសម្តីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថា កាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបានមកឃ្លាំងលក់ដែក ដែលមានទីតាំងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយបានទិញដែកគ្រប់ប្រភេទអស់ចំនួន ៧,២១៦ដុល្លារ និង១៦សេន ពេលនោះគាត់បានចេញមូលប្បទានប័ត្រ១សន្លឹកឲ្យជាថ្លៃកក់មុន ដោយសន្យាថានៅថ្ងៃ៣០ មេសា ឆ្នាំ២០១៧ ទើបមានសាច់ប្រាក់។ លុះដល់ថ្ងៃទី២ខែឧភាឆ្នាំ២០១៧ ជនរងគ្រោះទៅបើកលុយ ស្រាប់តែមូលប្បទានប័ត្រខាងលើ ខាងធនាគារប្រាប់ថា មិនមានសាច់ប្រាក់ ទើបខាងក្រុមហ៊ុនអូសទាញតាមរយ:លេខទូរសព្ទឲ្យមក សម្របសម្រួលគ្នារហូតថ្ងៃខាងលើបុរសឆបោកបានមកតាមការណាត់ក៏ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច បុរសជាជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹតដូចការចោទប្រកាន់របស់ដើមបណ្តឹងពិតប្រាកដមែន។ ចំណែកមូលប្បទានប័ត្រខាងលើ គាត់បានខ្ចីពីមិត្តភក្តិ ហើយគាត់ក៏មិនដឹងថាគ្មានសាច់ប្រាក់ដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីវិធីច្បាប់៕

//youtu.be/7kYZgFbjDSI

មតិយោបល់