ព័ត៌មានជាតិ

កាមរីបាឡែនបើកលឿនវ៉ាជែង បែកកង់មុខ ក្រឡាប់ផ្ងារជើង

ភ្នំពេញៈ បុរសម្នាក់បើករថយន្តកាមរីបាឡែន ក្នុងល្បឿនលឿនហើយវ៉ាជែងរថយន្តបាញ់ទឹករបស់ក្រុមហ៊ុនការដ្ឋានសាងសង់ផ្លូវ១គ្រឿង ដែលកំពុងបាញ់ទឹក បណ្ដាលឲ្យរថយន្តបែកកង់មុខខាងឆ្វេងហើយរេចង្កូតក្រឡាប់ពីទៅបីត្រឡប់ផ្ងារជើងឡើងលើ តែសំណាងអ្នកបើកបររងរបួសស្រាលបែកចញ្ចើមខាងឆ្វេង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ។

យោងតាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក់បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2J-3262បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ មានរថយន្ត១គ្រឿងរបស់ក្រុមហ៊ុនការដ្ឋានសាងសង់ផ្លូវកំពុងបាញ់ទឹក ពេលនោះរថយន្តបានវ៉ាជែងស្របពេលនោះរថយន្តបានបែកកង់មុខខាងឆ្វេង បណ្ដាលឲ្យក្រឡាប់ពីបីត្រឡប់ផ្ងារជើងឡើងលើ បណ្ដាលបុរសដែលជាអ្នកបើកបររងរបួសស្រាលត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការជួយដឹកយកទៅមន្ទីរពេទ្យឯកជន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថាមិនបានប៉ះពាក់ដល់សម្បត្តិសាធារណៈរបស់រដ្ឋក៏ឲ្យម្ចាស់ស្ទួចយកទៅជួសជុលដោយខ្លួនឯង៕

https://youtu.be/X-b1UaOpzFk

មតិយោបល់