ព័ត៌មានជាតិ

ស្ទាវ៣នាក់ ជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ខ្លួន ខណ:ដែលកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ ស៊ឹម រក្សា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្ត្តស្នួល ខេត្តកណ្តាល។
ទី២-ឈ្មោះ ឆើត ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃលួង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល និងជនសង្ស័យទី៣-ឈ្មោះ សែម ប៉ូរ៉ូ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរ កម្មករសំណង់ នៅភូមិព្រៃលួង សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក ២កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និង១កញ្ចប់មធ្យម រួមនឹងឧបករណ៍ប្រើប្រាស់មួយចំនួន។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញអធិការដ្ឋានបានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើទើបកម្លាំងយើងចុះទៅបង្ក្រាបឃាត់ខ្លួនបានម្នាក់ ដកហូតថ្នាំញៀន១កញ្ចប់មធ្យម។ បន្ទាប់មក បន្តឃាត់ខ្លួនបានម្នាក់បន្ថែមទៀត។

ដោយទទួលបានបទបញ្ជារបស់ឯកឧត្តមស្នងការ និងស្នងការរង ទទួលផែនប្រឆាំងបទល្មើស និងមានការសម្របសម្រួលឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យកម្លាំងជំនាញស្រុក រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ធ្វើការត្រួតពិនិត្យឆែកឆេរក្នុងផ្ទះជនសង្ស័យឈ្មោះ ឆើត ម៉ាប់រកឃើញឧបករណ៍វេចខ្ចប់មួយចំនួនថ្នាំ១កញ្ចប់ធំ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះស៊ឹម រក្សា (ហៅវិសាល)។

តាមចម្លើយសារភាពឈ្មោះ ស៊ីម រក្សា ខ្លួនទៅទិញថ្នាំម្ដុំផ្សាដីហុយ (មិនស្គាល់ឈ្មោះ) យកមកឲ្យបក្ខពួកខ្លួនដើរលក់បន្ត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្ត ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់