ភ្នំពេញៈ បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា នារីរូបស្រស់ម្នាក់ បើករថយន្តឡង់គ្រីស័រជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿង នៅចំណុចផ្លូវបែកជាបួន បណ្ដាលឲ្យអ្នកបើកម៉ូតូកង់បី រងរបួសបាក់ជើងម្ខាង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង២០នាទីយប់ឈានចូល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៥១ កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូកង់បីមួយគ្រឿង គ្មានពាក់ស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះពេលមកដល់កន្លែងកើតហេតុ បានឆ្លងកាត់ផ្លូវព្រះសីហនុ ស្របពេលដែលមានរថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-9157 បើកបរដោយនារីម្នាក់ វ័យប្រហែល២០ឆ្នាំជាង បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសពីលិចទៅកើត បើកក្នុងល្បឿនលឿនដូចគ្នានោះក៏ជ្រុលទៅបុកចំមួយចំហៀងម៉ូតូកង់បីផ្នែកខាងស្តាំពេញទំហឹងដោយរថយន្តបុកអូសម៉ូតូកង់បីនោះជាង១០ម៉ែត្រក្រឡាប់ផ្អៀងមួយចំហៀង ហើយចំណែកអ្នកបើកម៉ូតូកង់បី បានរងរបួសបាក់ជើងម្ខាង ហើយរថយន្ដនោះ បានព្យាយាមបើករត់គេចពីកន្លែងកើតហេតុរហូតមកដល់ចំណុចក្លិបយីហោ MQ ក្បែរផ្សារកុងទរន័ ទើបឈប់រថយន្ត ដោយនារីអ្នកបើកបរនោះ ក៏ចុះចេញពីក្នុងរថយន្តរបស់ខ្លួន ចូលទៅក្នុងក្លិបខាងលើបាត់ ដោយប្រជាពលរដ្ឋអ្នកដេញតាមពីក្រោយ ឃើញច្បាស់ ថា អ្នកបើកបរ រថយន្តខាងលើនេះ រត់ចូលក្នុងក្លិប ដោយមានខាងសន្តិសុខក្លិបអ្នកឲ្យចូល ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះម្ចាស់ម៉ូតូកង់បី ដែលរងរបួសធ្ងន់នោះ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយក ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ហើយក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញខណ្ឌចុះធ្វើការវាស់វែងយកម៉ូតូកង់បី និងរថយន្ដខាងលើ យកទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនិតិវិធីច្បាប់ផងដែរ ៕




មតិយោបល់