ព័ត៌មានជាតិ

ឃើញគេជិះម៉ូតូដឹកឈូក ស្រាប់តែកាន់ដំបងស្ទាក់វាយប្លន់មិនសម្រេច ពលរដ្ឋដាក់ទ្រមខ្លួន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នា ស្ទាក់វាយឡើងទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាព
វាយប្លន់យកម៉ូតូពីបុរសម្នាក់ តែមិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ចុះទៅវាលស្រែប្រាំង ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ប៊ុន សយ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ ពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (របួសកដៃ )។

ជនសង្ស័យមានឈ្មោះ នឿន សុខឃីម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងវែង ឃុំជើងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ឃាត់ខ្លួន)មានរបួសស្នាមមុតក្បាលខាងឆ្វេង និងក្បាលជង្គង់ជើងឆ្វេង (ដោយសារប្រជាពលរដ្ឋចាប់បានហើយវាយ)។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាក សេ១២៥ស៊េរី ឆ្នាំ២០០៥ ពណ៌ខ្មៅ ជិះពីផ្ទះទៅដឹកគ្រាប់ឈូកនៅវាលប្រាំង ដែលស្ថិតនៅខាងលិច វត្តទេពរង្សី ហៅវត្តថ្មីក្នុងភូមិកើតហេតុ លុះពេលជនរងគ្រោះជិះម៉ូតូ តាមផ្លូវលំ ក្បែររបងវត្តចុះទៅវាលប្រាំង ដល់ចំណុចផ្លូវកែងរបងវត្តខាងលិច ស្រាប់តែមានជនសង្ស័យ ខាងលើបានកាន់ដំបងឬស្សីឈរក្បែរផ្លូវ ហើយបានវាយទៅលើជនរងគ្រោះចំកញ្ចឹងក ពីក្រោយ ប៉ុន្តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ បានយកដៃរង បណ្តាលឲ្យរបួសហើមជាំ កដៃខាងឆ្វេង ហើយជនរងគ្រោះ ក៏បានស្រែកថា ចោរៗ រួចក៏មានកម្មកររោងចក្រម៉ាស៊ីកិនស្រូវចេញមកជួយ ដេញចាប់ភ្លាមជនសង្ស័យក៏បានបោះដំបងចោលរួចឡើងរបង ចូលក្នុងរោងចក្រម៉ាស៊ីនកិនស្រូវ ហើយឡើងលើដំបូង ហើយលោតពីលើដំបូល ចូលក្នុងស្រះទឹកក្បែររោងចក្រម៉ាស៊ីនកិនស្រូវ បន្ទាប់មកជនរងគ្រោះ និងកម្មករ ក៏នាំគ្នាចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ និងបានប្រគល់ឲ្យមន្ត្រីជំនាញ យកមកដើម្បីសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់