ព័ត៌មានជាតិ

បើករថយន្តលឿនពេក ជ្រុលទៅបុកគូទរថយន្តគេពេញទំហឹង របួសធ្ងន់៣នាក់

ព្រៃវែងៈ លោកអធិការស្រុកពារាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត បណ្តាលឲ្យមនុស្ស៣នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទី ទៀបភ្លឺថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៥៩-៦០ ក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

លោកអធិការបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តតាក់ស៊ី ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-4654 បើកបរដោយឈ្មោះ រឿន សុង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រាច ឃុំពោធិទី ស្រុកស៊ីធរកណ្តាល ធ្វើដំណើរពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ បានជ្រុល
ចង្កូតទៅបុកគូថ រថយន្ត១គ្រឿងទៀតម៉ាករ៉េនរ៉ូវើរ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2P-9080 បើកបរដោយឈ្មោះ ប៉ុន សុខា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ ព្រៃចារ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យ អ្នកបើកបរថយន្តសាំយ៉ុង និងអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល គឺទី១ឈ្មោះ រឿន សុង ជាអ្នកបើកបររថយន្ត,ទី២ឈ្មោះ ម៉ៅ តុល ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិ ព្រៃទឹង ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល របួសស្រាល និងទី៣ឈ្មោះ ឈាវ សៅ ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅភមិខ្នារ ឃុំព្រៃទឹង ស្រុស៊ីធរកណ្តា របួសស្រាល។ ចំណែកអ្នកបើកបររថយន្តរ៉េនរ៉ូវើរ មិនមានររបួសទេ អ្នករងរបួសបញ្ជូនមកមន្ទីរពេទ្យស្រុកពារាំង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាល
ស្រុកពារាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ពេលក្រោយ៕

មតិយោបល់