ព័ត៌មានជាតិ

ឈាន ពិសិដ្ឋ មិនចូលខ្លួនតាមដីកាបញ្ជារបស់តំណាងអយ្យការឡើយ

ភ្នំពេញៈ បើយោងតាមការបញ្ជាក់របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មកដល់រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧នេះ ជនសង្ស័យឈ្មោះ ឈាន ពិសិដ្ឋ មិនចូលខ្លួនទៅបំភ្លឺតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការនោះទេ។

លោក មាស ច័ន្ទពិសិដ្ឋ បានបន្ថែមថា សំណុំរឿងនេះលោកនឹងកោះហៅសាក្សីមួយចំនួនមកផ្តល់ចម្លើយសិន បន្ទាប់មកតំណាងអយ្យការនឹងសម្រេចចោទប្រកាន់លើឈ្មោះ ឈាន ពិសិដ្ឋតែម្តង។

លោក មាស ច័ន្ទពិសិដ្ឋ បានថ្លែងថា តំណាងអយ្យការបានស្តាប់ចម្លើយដើមបណ្ដឹងគឺលោក សេម មករា រួចរាល់ហើយ ដោយដើមបណ្ដឹងទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ បានចេញដីកាបញ្ជាឲ្យចូលខ្លួន ដែលតម្រូវឲ្យជនសង្ស័យ ឈាន ពិសិដ្ឋ អតីតនាយរងប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វាព្រំដែនប៉ោយប៉ែត ត្រូវទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ច ប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនប៉ោយប៉ែត។

ដីកានេះតម្រូវឲ្យជនសង្ស័យ ឈាន ពិសិដ្ឋ ចូលខ្លួនដើម្បីបំភ្លឺពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វាព្រំដែនប៉ោយប៉ែត នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងដីកានេះលោក មាស ច័ន្ទពិសិដ្ឋ បានតម្រូវឲ្យជនសង្ស័យឈ្មោះ ឈាន ពិសិដ្ឋ ចូលខ្លួនទៅបំភ្លឺត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ហើយដីកាក៏បានអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំឲ្យជនសង្ស័យ ឈាន ពិសិដ្ឋ ចូលបង្ហាញខ្លួន។

ការចេញដីកាបញ្ជាឲ្យចូលខ្លួនខាងលើនេះ ធ្វើឡើងនៅក្រោយពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសដកមុខតំណែងជនសង្ស័យ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងបានបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលអន្តោប្រវេសន៍។

គួររំលឹកថា ជនសង្ស័យ ឈាន ពិសិដ្ឋ អតីតនាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាន ប្រើអាវុធខ្លីម៉ាកហ្វេអាកុល បាញ់ប្រហារ ប៉ុនប៉ងផ្តាច់ជីវិតជនរងគ្រោះឈ្មោះ សេម មករា តួនាទីនាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដូចគ្នា កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ក្នុងបរិវេណប៉ុស្តិ៍អន្តោប្រវេសន៍។ ជាកុសលល្អ ជនរងគ្រោះមិនត្រូវរបួសធ្ងន់ធ្ងរទេ ដោយត្រូវចំស្មារបួសស្រាល។ ក្រោយពេលបាញ់ជនរងគ្រោះរួចជនសង្ស័យ ឈាន ពិសិដ្ឋ បានរត់គេចខ្លួនចូលក្នុងទឹកដីថៃដោយសុវត្ថិភាព៕

មតិយោបល់