បាត់ដំបងៈ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ២នាក់ ទាក់ទងនឹងករណីលួចទ្រព្យសម្បត្តិអ្នកដទៃ(លួចអាគុយពីក្នុងរថយន្ត)ក្នុងនោះគឺ៖
១-ឈ្មោះ ស៊ាន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
២-ឈ្មោះ នូ ចាន់ណា ហៅឆាង ភេទប្រុស អាយុ ៣៩ឆ្នាំស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ។
សម្ភារៈដកហូតមាន អាគុយ៧០អំពែ ពណ៌ទឹកប៉ិចចំនួន០១។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺដោយយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ ឈឿន សុផា ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានប្តឹងចូលមកសមត្ថកិច្ចនគរបាលថា មានករណីអំពើលួច យកអាគុយពីក្នុងរថយន្តរបស់ខ្លួនកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងមិនប្រាកដខណៈដែលខ្លួនទុករថយន្តទូរីសមួយគ្រឿងនៅចំណុចក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពេលទទួលពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលផ្តើមធ្វើការស្រាវជ្រាវ និងឈានទៅកំណត់មុខសញ្ញា បាននិងឃាត់ខ្លួនដោយដកហូតបានអាគុយនោះតែម្តង ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយទាំង ពីរនាក់បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកអាគុយរថយន្តរបស់ជនរងគ្រោះនៅចំណុច កើតហេតុខាងលើពិតប្រាដកមែន។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា មុខសញ្ញាជាជនសង័្សយខាងលើ ធ្លាប់បានធ្វើសកម្មភាពលួច យកអាគុយរថយន្តជាច្រើនលើក ច្រើនសារណាស់មកហើយ ដែលកន្លងទៅសមត្ថកិច្ចនគរបាលធ្លាប់បានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តទោសទៅតាមផ្លូវច្បាប់ ជាក់ស្តែងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនរូបគាត់ក្នុងករណីដូចគ្នានេះ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោស តាមច្បាប់ ហើយរហូដល់ឆ្នាំ២០២២នេះមុខសញ្ញាទើបចេញពីពន្ធនាគារបានត្រឹមតែរយៈ ពេលមួយខែប៉ុណ្ណោះ ក៏ផ្តើមធ្វើសកម្មភាពបែបនេះសារជាថ្មីទៀតដោយមិនមានការកែប្រែកំហុសឡើយ។
នៅពេលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ រីឯអាគុយជាវត្ថុតាងបានប្រគល់ជូនទៅជនរងគ្រោះវិញហើយ៕
មតិយោបល់