ភ្នំពេញៈ ជនសង្ស័យម្នាក់ និងថ្នាំញៀនចំនួន១២កញ្ចប់តូច ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យធ្វើការបង្ក្រាបបាន។
ការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្បែរទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីលោក ឯម ភារីនាយប៉ុស្តិ៍ស្តីទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ អ៊ុ បូផា ហៅហ្គិច ភេទប្រុស អាយុ១៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ដោយមានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។
ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានដឹកនាំកម្លាំងធ្វើការជិះល្បាត ដើម្បីកាត់បន្ថយបទល្មើស ក្នុងមូលដ្ឋានដោយប្រការណាមួយ លុះពេលជិះល្បាតមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យខាងលើ កំពុងឈរក្នុងលក្ខណៈសង្ស័យ រួចក៏បានឃាត់ខ្លួនដើម្បីធ្វើការឆែកឆេរ ខណៈនោះក៏រកឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន១២កញ្ចប់តូចដែលជនសង្ស័យបានលាក់ទុកក្នុងហោប៉ៅខោ ហើយក៏បាននាំខ្លួនជនសង្ស័យខាងលើយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើព្រមទាំងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនទៅកាន់តុលាការបន្តទៀត៕
https://youtu.be/IjUK4lVg3qk
មតិយោបល់