ព្រះសីហនុៈ លោកស្នងការរងទទួលផ្នែកចរាចរណ៍នៃស្នងការខេត្តព្រះសីហនុ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលិចស៊ីស បើកក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ យប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣១-១៣២ ស្ថិតនៅក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
លោកស្នងការរងបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថយន្ត១គ្រឿងម៉ាកLEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AL-8054 បើកបរដោយឈ្មោះ ហាក់ ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងអ្នករួមដំណើរចំនួន៣នាក់ ជនបរទេស មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើក៏បានក្រឡាប់ខ្លួនឯងតែម្ដង។
ក្នុងគ្រោះថ្នាក់នេះបណ្ដាលឲ្យមានអ្នករងរបួស ចំនួន៣នាក់(ជនជាតិ បារាំង) ធ្ងន់ម្នាក់ និងស្រាល ២នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំយក រថយន្ត មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា៕
មតិយោបល់